ក្រុម Fulham បានលើកពានរង្វាន់ Championship ហើយកាលពីយប់មិញនេះ ក្រោយពីពួកគេយកឈ្នះលើក្រុម Luton ក្នុងលទ្ធផលដល់ទៅ ៧-០ ឯណោះ។

Fulham រដូវកាលនេះធ្វើបានល្អខ្លាំងណាស់ ដោយពួកគេបានធានាកៅអីឡើងមកលេងពានរង្វាន់ English Premier League តាំងពីប៉ុន្មានសប្ដាហ៍មុនម្ល៉េះ។ ខណៈដែលពួកគេនៅយប់មិញនេះ ក៏បានលត់ក្រុម Luton ក្នុងលទ្ធផល ៧-០ ទៀត ដើម្បីឆក់យកឱកាសលើកពានរង្វាន់ក្នុងសប្ដាហ៍ទី៤៥នេះតែម្ដង។ វាជាការប្រកួតមិនគួរឱ្យជឿមួយផងដែរ សម្រាប់អ្នកគាំទ្រព្រោះក្រុម Luton នេះស្ថិតនៅលេខ៦ក្នុងតារាងដែរ តែរបូតគ្រាប់បាល់ដល់ទៅ៧គ្រាប់ក្រោមថ្វីជើងរបស់ក្រុម Fulham ទៅវិញ។

អ្នកដែលជួយក្រុម Fulham ច្រើនបំផុតនៅរដូវកាលនេះ គឺខ្សែប្រយុទ្ធ Mitrovic ដែលរកបានដល់ទៅ៤៣គ្រាប់ហើយ ដែលវាជាកំណត់ត្រាដ៏អស្ចារ្យមួយ។ ដោយឡែកក្រុមមួយនេះ ចាប់ផ្ដើមលេងបានល្អកាន់តែខ្លាំងនៅពេលលោក Marco Silva អតីតគ្រូបង្វឹក Everton មកដឹកនាំក្រុមនៅឆ្នាំ២០២១កន្លងទៅនេះ៕

ប្រភព៖ Dailymail