ខ្សែប្រយុទ្ធ Edinson Cavani កំពុងខិតយ៉ាងប្រកៀកលើកិច្ចព្រមព្រៀងផ្ទេរទៅកាន់ក្លឹបយក្សអាហ្សង់ទីន Boca Juniors បន្ទាប់ពីកុងត្រារបស់កីឡាករវ័យ ៣៥ ឆ្នាំរូបនេះនឹងផុតកំនត់នៅទឹកដី Old Trafford នៅចុងបញ្ចប់នៃរដូវកាលនេះ ។ខ្សែប្រយុទ្ធជើងចាស់សញ្ជាតិអ៊ុយរូហ្គាយរូបនេះនិងក្លាយជាកីឡាករដែលអាចផ្ទេរទៅក្លឹបបរទេសដោយគ្មានតម្លៃខ្លួន(Free Transfer )បន្ទាប់ពីស៊ូទ្រាំបង្ហាញទម្រង់លេងជាមួយនឹងយុទ្ធនាការដ៏លំបាកព្រមទាំងប្រឈមបញ្ហារបួសញឹកញាប់។
ការវិលត្រឡប់ទៅប្រកបអាជីពនៅទ្វីបអាមេរិកខាងត្បូងនៅតែជាចំណាប់អារម្មណ៏ យ៉ាងខ្លាំងសម្រាប់ Cavani ក្រោយពីរូបគេធ្លាប់លេងអោយ ក្លឹប Danubio FC មុនពេលផ្លាស់ទៅលេងនៅលីកកំពូលអឺរ៉ុបជាមួយ Palermo ក្នុងឆ្នាំ ២០០៧ ។គេហទំព័រThe Mirror បានចុះផ្សាយថាៈ Cavani ជាកីឡាករម្នាក់ក្នុងចំណោមកីឡាករជាច្រើនដែលអ្នកចាត់ការអចិន្រៃ្តយ៏ថ្មីលោក Erik ten Hag ត្រៀមចែកផ្លូវជាមួយ ស្របពេលវត្តមានរបស់ Cristiano Ronaldo ត្រលប់មករួមក្រុមវិញសម្រាប់រដូវកាល ២០២១-២០២២ អតីតខ្សែប្រយុទ្ធដែលរកគ្រាប់បាល់ច្រើនបំផុតសម្រាប់ Paris Saint-Germain មិនអាចធានាកៅអីរបស់ខ្លួនបានសម្រាប់ជម្រើសដំបូង ព្រមជាមួយបញ្ហារបួសតាមយាយីផងដែរនោះ ។
Cavani បានបង្ហាញខ្លួនបានតែ ១៧ ប្រកួតប៉ុណ្ណោះនៅរដូវកាលនេះ ហើយស៊ុតបញ្ចូលទីបានតែ ២ គ្រាប់ និងបញ្ជូនបាល់ឱ្យមិត្តរួមក្រុមបញ្ចប់ទី១ដងប៉ុណ្ណោះនៅក្របខណ្ឌ Premier League ។
ប្រភព៖ Sportsmole