អ្នកចាត់ការទូទៅក្រុមមេឃខៀវ Man. City លោក Pep Guardiola បានលើកសរសរប្រធានក្រុម Southampton កីឡាករ James Ward-Prowse ថាជាកីឡាករដែលមានបច្ចេកទេសស៊ុតបាល់ហ្រ្វីឃីកដីល្អបំផុតកំរិតពិភពលោកនាពេលបច្ចុប្បន្ននេះ។ ការលើកឡើងរបស់គ្រូបង្វឹកសញ្ជាតិអេស្បាញរូបនេះគឺនៅមុនពេលក្រុមទាំងពីរនិងត្រូវធ្វើការប្រកួតក្របខណ្ឌ Premier League របស់ពួកគេនៅកីឡដ្ឋាន St Mary’s នៅរាត្រីថ្ងៃសៅរ៍ឈានចូលថ្ងៃអាទិត្យវេលាម៉ោង១២និង៣០នាទីរំលងអធ្រាត។ គួរបញ្ជាក់ថា Ward-Prowse បានស៊ុតបាល់ហ្វ្រីឃីកចម្ងាយជិត៤០ម៉ែត្រដ៏គួរឱ្យភ្ញាក់ផ្អើលទោះបី Southampton ចាញ់ Wolverhampton ៣ទល់និង១កាលពីចុងសប្តាហ៍មុនក៏ដោយ។

ទោះយ៉ាងណាសមត្ថភាពរបស់ខ្សែបម្រើអន្តរជាតិអង់គ្លេសរូបនេះបានបង្ហាញថារូបគេបានឈានដល់ កម្រិត Premier League ដូចជាវីរបុរស Thierry Henry របស់ Arsenal និង Gianfranco Zola របស់ Chelsea និងមានគ្រាប់បាល់ស៊ុតហ្រ្វីឃីកបញ្ចូលទីដោយផ្ទាល់សរុបបានចំនួន១២គ្រាប់ និងតិចជាងអតីតខ្សែបម្រើ Man.Utd កីឡាករ David Beckham ចំនួន៦គ្រាប់ប៉ុណ្ណោះ(១៨គ្រាប់ ) ។

លោក Guardiola ក៏បានលើកឡើងពីគុណសម្បត្តិរបស់ Ward-Prowse ដោយបានបញ្ជាក់ផងដែរថាការកាក់យកបាល់និងបច្ចេកទេសបណ្តើរបាល់និងបញ្ចូនដ៏ល្អចំគោលដៅគឺជាចំនុចដែលក្រុម Man.City ដាច់ខាតត្រូវតែ យកចិត្តទុកដាក់ក្នុងការលេងដោយប្រុងប្រយ័ត្ននៅពេលពួកគេត្រូវប្រឈមមុខនឹងកីឡាករវ័យ ២៧ ឆ្នាំនារាត្រីនេះ ។

ប្រភព៖ Sportsmole