ក្លឹប Al-Hilal កំពុងមានវត្តមានលេងនៅលីកកំពូលអារ៉ាប៊ីសាអូឌីតមានបំណងផ្តល់ប្រាក់ឈ្នួលពេញលេញសម្រាប់ខ្សែប្រយុទ្ធ Pierre-Emerick Aubameyang ក្នុងលក្ខខណ្ឌខ្ចីជើងពីក្លឹបកាំភ្លើងធំ Arsenal ក្នុងខែមករា ២០២២នេះ ជាមួយនឹងជម្រើសទិញផ្តាច់ជាអចិន្ត្រៃយ៍នៅចុងបញ្ចប់នៃរដូវកាលនេះ។យោងគេហទំព័រ Daily Mail បានចុះផ្សាយ។ កីឡាករឆ្នើមក្រុមជម្រើសជាតិហ្គាបុងមិនស្ថិតក្នុងការពេញចិត្តសម្រាប់ជម្រើស១១នាក់ដំបូងក្រោមការដឹកនាំរបស់អ្នកចាត់ការទូទៅលោក Mikel Arteta ដោយខកខានមិនបានបង្ហាញខ្លួនឱ្យក្លឹបចាប់តាំងពីថ្ងៃទី ៦ ខែធ្នូឆ្នាំមុនមកម្លេះ។

កីឡាករវ័យ ៣២ ឆ្នាំរូបនេះក៏ត្រូវបានដកហូតតំណែងប្រធានក្រុម បន្ទាប់ពីរកឃើញកំហុសលើការបំពានវិន័យកាលពីខែធ្នូ ស្របពេលក្លឹបដែលមានមូលដ្ឋាននៅប្រទេសអារ៉ាប៊ីសាអូឌីតក្រោមការដឹកនាំរបស់អតីតគ្រូបង្វឹក Monaco លោក Leonardo Jardim ជាមានឆន្ទៈក្នុងការផ្តល់ប្រាក់ឈ្នួល៣៥០០០០ផោនក្នុងមួយសប្តាហ៍សម្រាប់ពេលវេលាខ្ចីជើងនោះ ។

ក្រៅពី Al-Hilal នៅមានក្លឹប Al-Nassr របស់អារ៉ាប៊ីសាអូឌីតនិងមាន Paris Saint-Germain, AC Milan, Juventus, Sevilla និង Marseille ក៏មានការចាប់អារម្មណ៍Aubameyangផងដែរ។ក្នុងការបង្ហាញខ្លួន ១៥លើកសម្រាប់ក្រុម Arsenal ក្នុងរដូវកាលនេះ Aubameyang ស៊ុតបញ្ចូលទីបាន ៧ គ្រាប់ ក្នុងនោះរកបានតែ៤គ្រាប់ប៉ុណ្ណោះសម្រាប់ការប្រកួត១៤ដងនៅ ក្របខ័ណ្ឌ Premier League។

ប្រភព៖ Sportsmole