គ្រូបង្វឹកក្រុមជម្រើសជាតិហូឡង់លោក Frank de Boer យល់ស្របនឹងការសំរេចចិត្តរបស់ កីឡាករ Virgil van Dijk ក្នុងការមិនចូលរួមព្រឹត្តិការណ៏ប្រកួតពានរង្វាន់យូរ៉ូឆ្នាំ ២០២០ ហើយរំពឹងថាវត្តមានរបស់ខ្សែបម្រើ Georginio Wijnaldum របស់ក្រុម PSG និងខ្សែការពារកណ្តាលក្រុម Juventus កីឡាករ Matthijs de Ligt នឹងអាចដើរតួនាទីជំនួសខ្សែការពារកណ្តាលក្រុមហង្សក្រហម Liverpool រូបនេះជាក់ជាមិនខាន ។

គួររំលឹកថាប្រធានក្រុមហូឡង់ Van Dijk បានបញ្ជាក់កាលពី ២ សប្តាហ៍មុនថារូបគេនឹងខកខានចូលរួមព្រឹត្តការណ៏ដ៏ធំប្រចាំទ្វីបអឺរ៉ុប ដើម្បីស្តាកាយសម្បទាអោយបានរឹងមាំឡើងវិញដើម្បីត្រៀមលក្ខណៈ ចាប់ផ្តើមប្រកួតនៅរដូវកាលថ្មីជាមួយ Liverpool ឡើងវិញ ។

Van Dijk មានវ័យ ២៩ ឆ្នាំបានខកខានបង្ហាញខ្លួនអោយក្លឹបច្រើនបំផុតសម្រាប់រដូវកាលចាស់ ដោយសាររបួសសរសៃពួរពេលប៉ះទង្គិចជាមួយអ្នកចាំទី Jordan Pickford របស់ក្លឹបរួមទីក្រុង Everton កាលពីខែតុលាទោះបីពេលនេះរូបគេបានវិលត្រលប់មកហ្វឹកហាត់បានធម្មតាវិញយ៉ាងណាក៏ដោយ ។ផ្ទុយទៅវិញលោក De Boer ទទួលស្គាល់ថាអវត្តមានរបស់ Van Dijk នឹងក្លាយជាការខាតបង់ដ៏ធំមួយសម្រាប់ក្រុមបិសាចទឹកក្រូច ដែលសម្លឹងចង់ឈ្នះពានជើងឯកទ្វីបអឺរ៉ុបលើកទី ២ក្នុងប្រវត្តិសាស្រ្ត ប៉ុន្តែរូបលោកបានយល់ពីការសម្រេចចិត្តរបស់ខ្សែការពាររូបនេះ។

ប្រភព៖ Besoccer