ក្រុមនារី Chelsea បានរបូត៤គ្រាប់ក្នុងរយៈពេល៣៦នាទីក្រោមថ្វីជើងក្រុមនារី Barcelona វគ្គផ្ដាច់ព្រ័ត្រ UEFA Champions League នារី នាក្រុង Gothenburg ប្រទេសស៊ុយអែត ថ្ងៃអាទិត្យ ទី១៦ ខែឧសភា។
ក្រុមតោញីរបូតមួយគ្រាប់ក្នុងវិនាទី៣៣ ពេល Melanie Leupolz ព្យាយាមទាត់បាល់ចេញ តែបែរជាចូលទីខ្លួនឯង។ Alexia Putellas បានទាត់បាល់១១ម៉ែត្របន្ថែមការនាំមុខសម្រាប់ក្រុមមកពីអេស្ប៉ាញនាទី១៤។ ៤នាទីក្រោយមក មិត្តរួមក្រុម Aitiana Bonmati បន្ថែមគ្រាប់ទី៣។ ដល់នាទី៣៦ Caroline Hansen រកគ្រាប់បាល់ទី៤បានសម្រេច។
ក្នុងវគ្គទី២ ក្រុមនារី Chelsea ធ្វើបានប្រសើរជាងវគ្គទី១ តែមិនអាចកែប្រែលទ្ធផលបានឡើយ។ ដូច្នេះ FC Barcelona ក្លាយជាក្រុមអេស្ប៉ាញដំបូងដែលឈ្នះ UEFA Women Champions League។ គួរចាប់អារម្មណ៍ទៀតនោះ គឺពួកគេក៏ជាក្រុមដំបូងដែលឈ្នះពាននេះទាំងបុរស និងនារី។ មិនតែប៉ុណ្ណោះ ក៏ជាក្រុមដំបូងដែលរកគ្រាប់បាល់យ៉ាងច្រើនក្នុងវគ្គផ្ដាច់ព្រ័ត្រ UCL នារី។ ចំណែក Chelsea វិញបានខកខានឱកាសបន្ថែមពាន បន្ទាប់ពីពួកគេបានឈ្នះ Women Super League និង League Cup របស់អង់គ្លេសក្នុងរដូវកាលនេះ។ មានតែក្រុមនារី Arsenal មួយទេក្នុងប្រវត្តិសាស្ត្រដែលឈ្នះពានធំៗ៤ក្នុងមួយរដូវកាល កាលឆ្នាំ២០០៧ គឺ UCL, Women Super League, FA Cup និង FA Women’s Premier League Cup៕