Manchester City បានប្រកួតចាញ់ Chelsea លើដីខ្លួនឯង ដោយលទ្ធផល១ទល់នឹង២ ក្នុងការប្រកួត Premier League សប្ដាហ៍ទី៣៥ នៅថ្ងៃសៅរ៍ ទី០៨ ខែឧសភា។ Raheem Sterling បានទាត់បាល់បញ្ចូលទីឲ្យក្រុមមេឃខៀវនាំមុខមុនក្នុងនាទី៤៤។ ដល់នាទី៤៥+៣ Sergio Aguero មានឱកាសបង្កើនការនាំំមុខ២ទល់នឹង០ ដោយបាល់១១ម៉ែត្រ តែផ្ទុយទៅវិញ ការទាត់បែប paneka របស់គេត្រូវបានអ្នកចាំទី Edouard Mendy ចាប់បាន។
ចូលដល់វគ្គទី២ នាទី៦៣ Hakim Ziyech បានទាត់បញ្ចូលទីមួយជើងឆ្វេងយ៉ាងល្អតាមស្មើសម្រាប់ក្រុមតោខៀវ។ គ្រាប់ជ័យជម្នះរបស់តោខៀវកើតឡើងពេល Marcos Alonso ទាត់បញ្ចូលទីនាទី៩០+២ ធ្វើឲ្យ Man City ខកខានយក៣ពិន្ទុដើម្បីអបអរតំណែងជើងឯកនៅសប្ដាហ៍នេះ។
ការប្រកួត៣៥លើក ក្រុមលោក Pep Guardiola មាន៨០ពិន្ទុដដែល នាំមុខ Manchester United ដែលប្រកួត៣៣លើក ចំនួន១៣ពិន្ទុ។ ចំណែក Chelsea បានឡើងទៅកាន់លេខ៣ មាន៦៤ពិន្ទុ ខណៈ Leicester City រអិលទៅលេខ៤ មាន៦៣ពិន្ទុដដែល ក្រោយចាញ់ Newcastle United។ ក្រោយការប្រកួតយប់មិញ លោក Pep Guardiola អ្នកចាត់ការ Manchester City អះអាងថា បានដឹងពីយុទ្ធសាស្ត្ររបស់ Chelsea អស់ហើយ មុនការប្រកួតផ្ដាច់ព្រ័ត្រ UEFA Champions League រវាងក្រុមទាំង២ចូលមកដល់នៅថ្ងៃទី២៩ ខែឧសភា ខាងមុខ ៕