លោក Jens Lehmann ត្រូវបាន Hertha Berlin បណ្តេញចេញពីការងារសមាជិកក្រុមប្រឹក្សាភិបាលរបស់ក្លិបក្រោយពីបាន Comment លើបណ្តាញសង្គមទាក់ទងទៅនឹងពណ៌សម្បុរ របស់អតីតកីឡាករ Dennis Aogo ។

Dennis Aogo បានបញ្ចប់អាជីពបាល់ទាត់ជាមួយក្រុម Hanover 96 កាលពីឆ្នាំមុនត្រូវបាន Jen Lehmann ដែលជាវីរបុរសរបស់ក្រុមកាំភ្លើងធំ Arsenal សរសេរសារលេងសើចថា អតីតខ្សែការពាររូបនោះបានបាត់បង់អាជីពបាល់ទាត់ដោយសារតែគេមានស្បែកខ្មៅ ។

សារលេងសើចនេះត្រូវបាន Dennis យកមកបង្ហាញជាសាធារណៈលើបណ្តាញសង្គមរបស់ខ្លួនដែលបានធ្វើឱ្យ Lehmann ទទួលរងការរិះគន់ជាខ្លាំងរហូតដល់ចុងក្រោយគឺត្រូវ Hertha Berlin បណ្តេញចេញពីតំណែងតែម្តងបើទោះជាអតីតអ្នកចាំទីជម្រើសជាតិអាឡឺម៉ង់រូបនេះបានចេញសារសូមទោសរួចហើយយ៉ាងណាក៏ដោយ។ គួររម្លឹកដែរថា Lehmann បានជួយ ឱ្យ Arsenal ឈ្នះពានមាសជើងឯក Premier League ក្នុងឆ្នាំ២០០៤ ដោយមិនចាញ់មួយប្រកួតណាទាល់តែសោះនៅរដូវកាលនោះ ។