ខ្សែការពារ Raphael Varane ត្រូវបានប្ដូរចេញក្នុងការប្រកួតទល់ក្រុម Osasuna នៅយប់មិញនេះ ក្នុងតង់ទី១ បន្ទាប់ពីមានបញ្ហាឈឺចាប់បន្តិចបន្ដួច។
ការរបួសនេះ នៅមិនទាន់ច្បាស់ថាធ្ងន់ធ្ងរឬយ៉ាងណានោះទេ ដោយត្រូវស្កេនមើលថ្ងៃអាទិត្យនេះសិន។ យ៉ាងណាមិញ អ្នកគាំទ្រកំពុងបារម្ភថាកីឡាករបារាំងខាងលើទំនងមិនអាចជួយក្រុម Real Madrid លេងទល់នឹងក្រុម Chelsea សម្រាប់ជើងទី២ពានរង្វាន់ UEFA Champions League បាននោះទេ ព្រោះការប្រកួតចាប់ផ្ដើមនៅប៉ុន្មានថ្ងៃខាងមុខនេះហើយ។
ក្រុម Real Madrid របួសកីឡាករច្រើនមែនទែន ហើយជាប់ជាក្រុមមានកីឡាកររបួសច្រើនបំផុតនៅក្របខណ្ឌ La Liga ។ Varane អវត្តមានជារឿងមិនល្អមួយសម្រាប់ Real Madrid ប៉ុន្តែប្រធានក្រុម Ramos ទំនងអាចលេងបានវិញផងដែរនៅថ្ងៃប្រកួតទល់ Chelsea ។ ស្របពេល Valverde ដែលវិជ្ជមានកូវីដ១៩នោះ តេស្ដលើកទី១អវិជ្ជមានដែរ ហើយបើតេស្ដម្ដងទៀតអវិជ្ជមានទៀតនោះរូបគេក៏អាចចូលជួយក្រុមវិញបានផងដែរ៕
ប្រភព: Marca