ក្នុង​ការ​ប្រកួត​មិត្តភាព​នៅ​យប់មិញ​នេះ ​ក្រុម​ព័រទុយហ្គាល់​មិន​ប្រណី​ដល់​ក្រុម​អង់ដូរ៉ា​ឡើយ ពោល​គឺ​បំបាក់​ក្នុង​លទ្ធផល​ដល់​ទៅ ៧-០ ​ឯ​ណោះ​។

ក្នុង​ការ​ប្រកួត​ខាង​លើ​នេះ​ដែរ ​នៅ​តង់​ទី​១​ក្រុម​របស់​លោក Santos ​បាន​ដាក់​កីឡាករ​បម្រុង​ឱ្យ​ចូល​លេង​ច្រើន ​ហើយ​លទ្ធផល​នាំ​មុខ​មុន ​២-០។ ​នៅ​តង់​ទី​២​ពួកគេ​ក៏​បាន​ដាក់​ចូល​កីឡាករ​ឆ្នើម​ៗ​បន្ថែម​ទៀត​ឱ្យ​លេង​ម្ដង​ដូចជា Ronaldo ​និង Felix ​ជា​ដើម។ ​ជា​លទ្ធផល​ឃើញ​ថា​នៅ​តង់​ទី​២​នេះ ​ក្រុម​ព័រទុយហ្គាល់​ក៏​បន្ថែម​បាន​៥​គ្រាប់​ទៀត​សរុប​ទៅ​លទ្ធផល​ឈ្នះ ៧-០។

Ronaldo ​ក៏​មាន​រក​បាន​មួយ​គ្រាប់​ដែរ​ក្នុង​ការ​ប្រកួត​មួយ​នេះ។ ថែម​បាន​១​គ្រាប់​នេះ​ទៀត ​បាន​ធ្វើ​ឱ្យ​កីឡាករ​វ័យ​៣៥​ឆ្នាំ​នេះ ​កាន់​តែ​កៀក​បំបែក​កំណត់ត្រា​កីឡាករ​រក​គ្រាប់​បាល់​ឱ្យ​ជម្រើស​ជាតិ​បាន​ច្រើន​ជាង​គេ​ហើយ ពោល​គឺ​បច្ចុប្បន្ន​មាន​១០២​គ្រាប់ ​និង​អ្នក​កាន់​កំណត់ត្រា​ចាស់​នោះ​មាន​១០៩​គ្រាប់៕