អ្នកចាំទី Kepa Arrizabalaga បាននិយាយថាការបាត់បង់តំណែងជម្រើស១១នាក់ដំបូងនៅក្រុម Chelsea មិនមែនជាការបញ្ចប់ក្តីសុបិន្តនោះទេ ។ កីឡាករអន្តរជាតិអេស្បាញវ័យ ២៦ ត្រូវបានគ្រូបង្វឹកលោក Luis Enrique កោះហៅមកជួយក្រុមសម្រាប់ការប្រកួតលក្ខណៈអន្តរជាតិជាមួយព័រទុយហ្កាល់ស្វ៊ីសនិងអ៊ុយក្រែនក្នុងរយៈពេល ៧ ថ្ងៃខាងមុខបន្ថែមថាៈក្នុងអាជីពជាកីឡាករពេលខ្លះយើងត្រូវទទួលយកស្ថានភាពដូច្នេះ ។

ពេលនេះ ខ្ញុំមានអារម្មណ៍ល្អរឹងមាំនិងមានទំនុកចិត្តថាយកតំណែងអ្នកចាំទីកំពូលក្នុងក្រុមមកវិញនៅពេលខាងមុខ។ Kepa បានជាប់កំនត់ត្រាជាអ្នកចាំទីថ្លៃជាងគេបំផុតនៅលើពិភពលោកក្រោយផ្ទេរពីក្លឹប Athletic Bilbao នៅលីកកំពូល La Liga ក្នុងតម្លៃ ៧១ លានផោនកាលពីឆ្នាំ ២០១៨ ។

ក៏ប៉ុន្តែការបង្ហាញទម្រង់លេងមិនបានល្អបំផុតដូចតម្លៃខ្លួន ព្រមទាំងការបង្កើតកំហុសដោយអចេតនាជាច្រើនដងកាលពីរដូវកាលចាស់រូបគេត្រូវបាន លោក Frank Lampard ដកទំនុកចិត្ត ។មកដល់រដូវកាលថ្មីអ្នកចាត់ការទូទៅ សញ្ជាតិអង់គ្លេសបានផ្តល់ឪកាសដល់រូបគេបង្ហាញខ្លួនក្នុងជំនួបដ៏សំខាន់ជាមួយ Liverpool ប៉ុន្តែរូបគេ នៅតែសាងកំហុសបន្តទៀត។ ទីបំផុត Kepa ត្រូវបានជំនួសដោយអ្នកចាំទីសញ្ជាតិអាហ្សង់ទីន Willy Caballero មុនពេលក្លឹបនាំយក Edouard Mendy ពីក្លឹប Renne ។

ប្រភព៖ BBC