ក្លឹបសេះបង្កង់ Juventus បានសម្រេចក្នុងចុះហត្ថលេខាខ្សែបម្រើស្លាប Federico Chiesa ពីក្លឹប Fiorentina ក្នុងកិច្ចព្រមព្រៀងមួយដែលអាចមានតម្លៃរហូតដល់ ៦០ លានអឺរ៉ូ ។កីឡាករវ័យ ២២ ឆ្នាំរូបនេះបានចូលរួមជាមួយក្រុមម្ចាស់ជើងឯកអ៊ីតាលីក្នុងលក្ខណ្ឌខ្ចីជើងរយៈពេល ២ ឆ្នាំដំបូងមុនពេលជម្រើសទិញផ្តាច់ជាអចិន្រ្តៃយ៍ ។

កីឡាករអន្តរជាតិអ៊ីតាលីរូបនេះ បានឆ្លងកាត់ការបណ្តុះបណ្តាលក្នុងថ្នាលយុវជនក្រុម Viola និងបង្ហាញខ្លួនសម្រាប់ក្លឹបដំបូងរបស់គាត់ពេលជួប Juventus កាលពីឆ្នាំ ២០១៦ ។ Chiesa រកបាន៣៤គ្រាប់ក្រោយបង្ហាញខ្លួនបាន ១៥០ ប្រកួត សម្រាប់ Fiorentina និងធ្លាប់ចូលលេងអោយក្រុមជម្រើសជាតិអ៊ីតាលីបាន ១៩ ដង។

ជាឈាមជ័រអ្នកកីឡានិងមិនឃ្លាតឆ្ងាយពីវិស័យបាល់ទាត់ Chiesa មានឪពុកធ្លាប់លេងតួនាទីជាខ្សែប្រយុទ្ធគឺអតីតកីឡាករ Chiesa Enrico ធ្លាប់លេងជាមួយអ្នកចាំទី Gianluigi Buffon នៅក្លឹប Parma ក្នុងទសវត្សឆ្នាំ ១៩៩០ ។ការមកដល់របស់សមាជីកថ្មី Chiesa ក៏ជាពេលវេលាដែលខ្សែការពារ Mattia de Sciglio បានចាកចេញពី Juventus ទៅចូលរួមជាមួយក្លិប Lyon ក្នុងលក្ខខណ្ឌខ្ចីជើងផងដែរ។

ប្រភព៖ BBC