Barcelona បានយល់ព្រមអនុញ្ញាតឱ្យខ្សែប្រយុទ្ធជើងចាស់ Luis Suarez ទៅចូលរួមជាមួយគូប្រជែង Atletico Madrid នៅក្របខណ្ឌ La Liga បន្ទាប់ពីរូបគេមិនស្ថិតក្នុងបញ្ជីប្រើប្រាស់របស់គ្រូបង្វឹកថ្មីលោក Ronald Koeman នៅរដូវកាលថ្មីនេះ។កីឡាករសញ្ជាតិអ៊ុយរូហ្គាយវ័យ៣៣ឆ្នាំរូបនេះបានយល់ព្រមលើលក្ខខណ្ឌក្នុងការកាត់បន្ថយប្រាក់ខែជាមួយក្រុមលោក Diego Simeone បន្ទាប់ពីខកខានក្នុងការផ្លាស់ទៅលេងនៅក្លឹបជើងឯកអ៊ីតាលី Juventus បន្ទាប់ពីមានបញ្ហាលិខិតឆ្លងដែនសញ្ជាតិអ៊ីតាលី។

ទោះបីជាឈានដល់កិច្ចព្រមព្រៀងប៉ុន្តែ ប្រធានក្លឹប Barcelona លោក Josep Maria Bartomeu បានបង្ហើបប្រាប់ថាក្លឹបកាតាឡាន់មិនចង់លក់កីឡាករកំនត់ត្រារកបានគ្រាប់បាល់ច្រើនបំផុតទី៣របស់ក្លឹបរូបននេះទៅគូប្រជែងរួមលីកនោះទេ។ ប៉ុន្តែបន្ទាប់ពីបានជួបជាមួយតំណាងភ្នាក់ងារកីឡាករ Suarez ក្លឹបកាតាឡាន់បានបោះបង់ចោលគំនិត រក្សាទុកខ្សែប្រយុទ្ធរូបនេះវិញ ។

Atletico នឹងត្រូវបង់ថ្លៃឈ្នួលមិនលើសពី ៤ លានអឺរ៉ូសម្រាប់អតីតខ្សែប្រយុទ្ធ Liverpool រូបនេះអាស្រ័យលើស្ថានភាពរបស់ក្លឹបថានិងចូលរួមការប្រកួតក្របខ័ណ្ឌ Champions League របស់ក្លឹបឈានដល់វគ្គណា ។Suarez ក៏នឹងរកចំណូលបានត្រឹមពាក់កណ្តាលនៃប្រាក់ចំណូលសរុប ៣០ លានអឺរ៉ូក្នុងមួយឆ្នាំនៅទឹកដី Wanda Metropolitano និងខុសពីអ្វីដែលធ្លាប់ទទួលបាននៅកីឡាដ្ឋាន Camp Nou ។

ប្រភព៖ BBC