បរទេស៖ ក្រុម​​យក្ស​អេ​ស្ប៉ាញ Atletico Madrid កាល​ពី​ថ្ងៃ​អាទិត្យ បាន​រាយការណ៍​​ពី​ការ​ធ្វើ​តេស្ត​ឃើញ​វិជ្ជ​មាន​វីរុស​កូរ៉ូ​ណា​២​ករណី ពោល​គឺ​ត្រឹម​តែ​រយៈ​ពេល​៤​ថ្ងៃ​ប៉ុណ្ណោះ នៅមុន​ពេល​ពួកគេ​ត្រូវ​ប៉ះ​ជាមួយ​នឹងក្រុម Leipzig ក្នុង​ប្រទេស​ព័រ​ទុយ​ហ្គាល់ ដើម្បី​ប្រជែង​យកកៅអី​ទៅកាន់​​ក្រប​ខ័ណ្ឌ Champions League វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ​។

ក្លិប​បាន​ឲ្យ​ដឹង​ក្នុង​សេចក្តី​ថ្លែង​ការណ៍​មួយ​ថា៖ «កាលពីថ្ងៃ​សៅរ៍ រាល់​សមា​ជិក​ក្រុម​ទាំង​អស់ ដែល​បាន​ធ្វើ​ដំណើរ​ទៅកាន់​ទីក្រុង Lisbon បាន​ទទួល​​ការ​ធ្វើ​តេស្ត ស្រប​តាម​វិធីសារ​របស់​សហ​ព័ន្ធ​​កីឡា​បាល់ទាត់​ទ្វីប​អឺ​រ៉ុប មុន​នឹង​ចូលរួម​ក្នុង​វគ្គ​៨​ក្រុម​ចុងក្រោយ​នៃ​ក្រប​ខ័ណ្ឌ Champions League»​។ ក្លិបបាន​បន្ត​ថា៖ «ក្នុង​ចំណោម​លទ្ធផល​ដែល​បាន​រក​ឃើញ​នៅថ្ងៃនេះ មានករណីវិជ្ជមាន​ចំនួន​២នាក់ ហើយពួក​គេ​កំពុង​តែ​នៅ​ដាច់​ដោយ​ឡែកដោយខ្លួន​ឯង​ក្នុងផ្ទះ​រៀង​ៗ​ខ្លួន​របស់​ពួក​គេ​»​។ ក្លិប​មិនបានប្រកាស​​ថា ករណី​ឆ្លង​ទាំង​២ គឺ​ជា​កីឡាករ ឬ​ក៏បុគ្គ​លិក​ឡើយ​។

Atletico បាន​​បញ្ជាក់​ថា សហ​ព័ន្ធ​កីឡា​បាល់​ទាត់​ទ្វីប​អឺ​រ៉ុប ក៏ដូច​ជា​សហព័ន្ធ​កីឡា​បាល់ទាត់​អេ​ស្ប៉ាញ និង​ព័រ​ទុយ​ហ្គាល់ រួម​ទាំង​អាជ្ញាធរ​សុខាភិបាល ត្រូវ​បានជូន​ដំណឹង​រួច​រាល់​ហើយ ហើយ​ថា ការធ្វើ​តេស្ត​ជា​ថ្មី​នឹង​ត្រូវ​ធ្វើ​ឡើង​នៅ​ក្នុងក្រុម​នេះ និង​ក្រុម​អ្នក​គាំទ្រ​។ ក្លិប​បាន​ទទួលស្គាល់​ថា បញ្ហា​នេះ នឹង​នាំ​ឲ្យ​មានការផ្លាស់ប្តូរ​កាល​វិភាគ​ជើង​ហោះហើរ ក៏ដូច​ជា​គម្រោង​ស្នាក់​អាស្រ័យ នៅ​ក្នុង​រដ្ឋ​ធានី​ព័រ​ទុយ​ហ្គាល់»​៕

ប្រភព​ព័ត៌​មាន៖ Channel News Asia