អង់គ្លេស៖ ក្រុម Manchester United និង Chelsea បានបំពេញការឈ្នះកៅអីក្នុងក្របខ័ណ្ឌ Champions League របស់ខ្លួនកាលពីថ្ងៃអាទិត្យ ខណៈដែលក្រុម Bournemouth និង Watford បានជួបការខកចិត្តនៅថ្ងៃចុងក្រោយនៃក្របខ័ណ្ឌ Premier League នៅរដូវកាលនេះ។
ក្រុម Liverpool បានក្លាយជាម្ចាស់ជើងឯកកាលពីខែមុន ប៉ុន្តែពួកគេនៅតែបង្ហាញភាពខ្លាំងរបស់ខ្លួន ក្នុងការប្រកួតរយៈពេល៩០នាទីចុងក្រោយនៃយុទ្ធនាការនេះ ដែលបានចាប់ផ្តើមរដូវកាលកាលពីថ្ងៃទី៩ ខែសីហា និងត្រូវបានផ្អាករយៈពេល៣ខែ ដោយសារតែវីរុសកូរ៉ូណា។
Man United បានបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ៣ ក្រោយពីបានយកឈ្នះ ២-០ លើក្រុម Leicester ក្នុងការប្រកួតកាត់សេចក្តីក្នុងការប្រជែងយកកៅអីទៅកាន់ក្របខ័ណ្ឌ Champions League ស្របពេលដែលក្រុម Chelsea បានឈរលេខ៤ ក្រោយពីបានផ្តួលក្រុម Wolves ក្នុងលទ្ធផលដូចគ្នានេះ នាកីឡដ្ឋាន Stamford Brigdge។ ដោយឡែក នៅបាតតារាងវិញ ក្រុម Bournemouth និងក្រុម Watford បានចូលរួមជាមួយនឹងក្រុម Norwich វិលទៅកាន់ក្របខ័ណ្ឌ Championship វិញ ស្របពេលក្រុម Aston Villa បានគេចផុតពីការធ្លាក់ចេញទាំងប្រផិតប្រផើយ។
ក្រុម Leicester ដែលបានបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ៥ នឹងត្រូវលេងក្នុងក្របខ័ណ្ឌ Europa League នារដូវកាលក្រោយ រួមជាមួយនឹងក្រុម Tottenham ដែលបានបញ្ចប់ក្នុងលទ្ធផលស្មើ ១-១ ជាមួយនឹងក្រុម Crystal Palace ដើម្បីឡើងឈរពីលើ Wolves៕
ប្រភពព័ត៌មាន៖ Channel News Asia