ខ្សែ​បម្រើ Philip Billing បាន​ចូលរួម​​ជា​មួយនឹង​ក្លិប Bournemouth ពីក្លិប Huddersfield សម្រាប់​តម្លៃ​ខ្លួន​បិទ​​ជិត​មួយ​ដែល​ត្រូវ​បាន​គេ​ជឿជាក់​ថា មាន​ចំនួន​ប្រមាណ​ជា​១៥​លាន​ផោន (ស្មើ​នឹង​១៨,៣​លាន​ដុល្លារ​អាមេរិក)​។

ការ​ផ្ទេរ​របស់​ខ្សែ​បម្រើ​អន្តរ​ជាតិ​​ដា​ណឺ​ម៉ាក​អាយុ​ក្រោម​២១​ឆ្នាំ​រូបនេះ ត្រូវ​បាន​ប្រកាស​ឡើង​ដោយ​​ក្លិប Bournemouth កាលពីថ្ងៃ​ច័ន្ទ ខណៈ Billing វ័យ​២៣​ឆ្នាំ បាន​ចុះហត្ថលេខា​លើ​កុង​ត្រា​រយៈពេល​វែង​មួយ​។ Billing ដែល​បាន​បង្ហាញខ្លួន​៩១​លើក​​ក្នុង​រាល់​​យុទ្ធនា​ការ​ទាំង​អស់​សម្រាប់​ក្លិប Huddersfield ក្រោយពី​ផ្ទេរ​មក​ពី​ក្លិប Esbjerg កាលពីឆ្នាំ​២០១៣ នោះ បាន​ឲ្យ​ដឹងថា៖ «ខ្ញុំ​ពិត​ជា​​រីក​រាយ​ណាស់​ក្នុងការ​ក្លាយ​ជា​កីឡាករ​ម្នាក់​របស់​ក្លិប AFC Bournemouth»​។ កីឡាករ​រូប​នេះ​បាន​បន្ថែមទៀត​ថា៖ «នៅ​ពេល​ដែល​ខ្ញុំ​បាន​ដឹង​ពីការ​ចាប់​អារម្មណ៍​របស់​ក្លិប​នេះ​ភ្លាម​ៗ ខ្ញុំ​មិន​មានការ​ស្ទាក់​ស្ទើរ​ក្នុង​ចិត្ត​របស់​ខ្ញុំ​ឡើយ​។

វា​ជា​ការ​សម្រេច​ចិត្ត​​​ដ៏​ងាយ​ស្រួល​មួយ​ក្នុ​ង​ការ​ធ្វើ​ឡើង​ដើម្បី​ចូលរួម​​ក្នុងក្រុម​មួយ​ដែល​ប្រជុំ​ដោយ​កីឡាករ​ឆ្នើម​ៗ និង​អ្នក​ចាត់​ការ​ទូទៅ​ដ៏ល្អ​ដូច​ជា​​លោក Eddie Howe​​។ នេះ​គឺ​ជា​ជំហាន​ដ៏រំភើប​មួយ​សម្រាប់​ខ្ញុំ ហើយ​ខ្ញុំ​ពិត​ជា​ចង់​ចាប់​​ផ្តើម​ណាស់​»​។ ស្រប​ពេល​ជា​មួយ​គ្នា​នេះ ការ​ផ្ទេរ​របស់​​កីឡាករ Idrissa Gueye ក្នុង​តម្លៃ​ខ្លួន​៣២​លាន​អឺ​រ៉ូ ទៅ​កាន់​ក្លិប Paris Saint-Germain ពីក្លិប Everton ជិត​បំពេញ​ជាផ្លូវ​ការ​ហើយ ក្រោយពី​ខ្សែ​បម្រើ​ការ​ពារ​សេ​ណេ​ហ្គាល់​រូប​នេះ បាន​​ពិនិត្យ​សុខ​ភាព​រួច​រាល់​កាលពីថ្ងៃ​ច័ន្ទ​៕

ប្រភព​ព័ត៌​មាន៖ The Guardian