Daniel James នៅតែមានអនាគតភ្លឺស្វាងជាមួយក្លឹបបិសាចក្រហម Man.Utd ហើយរូបគេមិនត្រូវបានក្លឹបដាក់អោយក្លឹបផ្សេងខ្ចីជើងនៅរដូវកាលក្រោយនេះទេ ។យោងតាមការអះអាងរបស់ លោក Jonathan Barnett ដែលជាភ្នាក់ងារផ្ទាល់របស់ ខ្សែបំរើស្លាបសញ្ជាតិវេលស៍រូបនេះបានប្រាប់បណ្តាញ សារពត៌មាន Stretty News ថាៈគាត់នៅតែជាសមាជិកដ៏សំខាន់សម្រាប់ក្រុម។ ខ្ញុំឃើញគាត់នៅកំពុងលេងអោយក្លឹបនៅឡើយ ហើយមិនមានការចាកចេញក្រោមរូបភាពខ្ចីជើងនោះទេ។

ក្រោយផ្ទេរពី Swansea មកកាន់ទឹកដី Old Trafford ក្នុងតម្លៃខ្លួន១៥លានផោន James កាលពីដើមរដូវកាលបានខកខានបង្ហាញទម្រង់លេងនៅក្នុងជម្រើស១១នាក់ដំបូងក្រោមការដឹកនាំរបស់ លោក Solskjaer បើទោះបីជារូបគេបង្ហាញខ្លួនបាន២៦ប្រកួតស៊ុតបញ្ចូលទីបាន៣គ្រាប់និង Assist បាន៦ដងយ៉ាងណាក៏ដោយ។

ប៉ុន្តែចាប់តាំងពីក្របខណ្ឌ Premier League ត្រូវបាន ចាប់ផ្តើមដំណើរការឡើងវិញកាលពីខែមិថុនាក្រោយខកខានរយៈពេល៣ខែដោយសាមេរោគកូវីត-១៩ បច្ចុប្បន្នតួនាទីរបស់កីឡាករវ័យ២២ឆ្នាំរូបនេះត្រូវបានកាន់កាប់ដោយមិត្តរួមក្រុមកីឡាករវ័យក្មេងសញ្ជាតិអង់គ្លេស Mason Greenwood ត្រូវបានគ្រូបង្វឹកសញ្ជាតិន័រវេដាក់អោយលេងនៅតំបន់បម្រើដោយចាប់ដៃគូគ្នាជាមួយ Pogba និង Fernandes ជំនួសវិញ។

ប្រភព៖ Goal