ក្លឹបចចកខ្មៅ Wolves នឹងបើកកិច្ចពិភាក្សាអំពីការបន្តកិច្ចសន្យាថ្មីជាមួយអ្នកចាត់ការទូទៅលោក Nuno Espirito Santo យោងតាមគេហទំព័រ The Guardian បានចុះផ្សាយ។

គ្រូបង្វឹកសញ្ជាតិព័រទុយហ្គាល់វ័យ ៤៦ ឆ្នាំរូបនេះបានឆក់យកប្រជាប្រិយភាពពីសំណាក់ប្រិយមិត្តអ្នកគាំទ្រយ៉ាងខ្លាំងនៅកីឡាដ្ឋាន Molineux ក្រោយពីដឹកនាំក្លឹប Wolves ឡើងមកពីក្របខណ្ឌលីកលំដាប់ទី២ Championship និងកំពុងឈរនៅចំណាត់ថ្នាក់លេខ៧ សម្រាប់រដូវកាល២០១៩-២០២០នេះដែរក្រោយចូលមកដឹកនាំក្រុមគិតចាប់តាំងពីខែឧសភា ២០១៧កន្លងមក។

Wolves កំពុងស្ថិតក្នុងតំណែងប្រជែងយកកៅអីពានរង្វាន់ទ្វីបអឺរ៉ុបលំដាប់ទី២គឺ Europa League និងអាចឈានដល់ការប្រកួតប្រជែងយកកៅអី Champions League ផងដែរ។ ក្រុមនិងត្រូវធ្វើដំណើរទៅសួរសុខទុក្ខក្លឹបម្ចាស់ផ្ទះគឺញញួរធំ West Ham United នៅសប្តាហ៏ទី៣០ បន្ទាប់ពីក្របខណ្ឌ Premier league បានបើកដំណើរការប្រកួតរបស់ខ្លួនឡើងវិញបន្ទាប់ពីខកខានជាង៣ខែដោយសារការរីករាលដាលនៃមេរោគកូវីត-១៩។

ប្រភព៖ Theguardian