ក្លិប Chelsea កំពុងស្ថិតយ៉ាងប្រកៀកក្នុងការបំពេញការផ្ទេរមួយ ដើម្បីនាំយកខ្សែប្រយុទ្ធ Timo Werner ពីក្លិប RB Leipzig។ នេះបើយោងទៅតាមការចេញផ្សាយរបស់បណ្តាញសារព័ត៌មានចក្រភពអង់គ្លេស កាលពីថ្ងៃព្រហស្បតិ៍។

តារាឆ្នើមវ័យ២៤ឆ្នាំរូបនេះ ត្រូវបានគេយល់ឃើញថា កំពុងតែស្ថិតក្នុងការចាប់អារម្មណ៍ពីសំណាក់ក្រុម Liverpool ដែលកំពុងនាំមុខលើតារាង Premier League ប៉ុន្តែ វាហាក់បង្ហាញថា ក្រុម Chelsea ផ្តល់តម្លៃខ្លួនស្របទៅតាមលក្ខខណ្ឌរំលាយកិច្ចសន្យារបស់ Werner ក្នុងទំហំទឹកប្រាក់៥៣លានផោន (ស្មើនឹង៦៧លានដុល្លារអាមេរិក)។

ប្រសិនបើក្រុម Chelsea នឹងនាំយក Werner ទៅកាន់កីឡដ្ឋាន Stamford Bridge ពិតប្រាកដមែន ការផ្ទេរនេះ នឹងក្លាយជាការផ្ទេរដ៏ធំមួយសម្រាប់ក្លិបស្ថិតក្នុងទីក្រុងឡុងដ៍ភាគខាងលិចមួយនេះ។

កាលពីឆ្នាំមុន មានពាក្យចរចាមអារ៉ាមជាច្រើនទាក់ទងនឹង Werner សម្រាប់ការផ្ទេរទៅកាន់កីឡដ្ឋាន Anfield ប៉ុន្តែ ក្រុម Liverpool ហាក់ដូចជាអស់ពេលហើយ ស្របពេលដែលលក្ខខណ្ឌរំលាយកិច្ចសន្យារបស់ Werner នឹងត្រូវផុតកំណត់នៅថ្ងៃទី១៥ ខែមិថុនាពោលគឺរយៈពេល២ថ្ងៃ មុននឹងក្របខ័ណ្ឌ Premier League ចាប់ផ្តើមការប្រកួតឡើងវិញ ក្រោយពីការផ្អាកអស់រយៈពេលជាច្រើនខែដោយសារតែវីរុសកូរ៉ូណា។ ខ្សែប្រយុទ្ធអន្តរជាតិអាល្លឺម៉ង់រូបនេះ បានស៊ុតបាល់បញ្ចូលទី៣១គ្រាប់សម្រាប់ក្លិប Leipzig ក្នុងរាល់យុទ្ធនាការទាំងអស់។ Chelsea បានយល់ព្រមការផ្ទេរមួយរួចជាស្រេច ដើម្បីនាំយកខ្សែបម្រើស្លាប Hakim Ziyech ពីក្លិប Ajax៕

ប្រភពព័ត៌មាន៖ Channel News Asia