តារាឆ្នើមវ័យក្មេង Erling Braut Haaland និង Jadon Sancho របស់ក្រុម Borussia Dortmund នឹងប្រម៉ាញ់រកគ្រាប់បាល់បន្ថែមទៀត នៅថ្ងៃសៅរ៍ ក្នុងការប្រកួត “រវាងក្រុមស្ថិតក្នុងទីក្រុងតែមួយ ដែលខុសប្លែកពីធម្មតាបំផុតក្នុងប្រវត្តិសាស្ត្រ” នៅពេលជួបក្រុម Schalke ស្របពេលដែលក្របខ័ណ្ឌអាល្លឺម៉ង់ Bundesliga វិលទៅប្រកួតវិញក្នុងទីលានគ្មានអ្នកទស្សនា។
ជាធម្មតាក្រុម Dortmund មានអ្នកគាំទ្រចំនួន៨២០០០នាក់ នាកីឡដ្ឋាន Signal Iduna Park សម្រាប់ការប្រកួតរវាងក្រុមស្ថិតក្នុងទីក្រុងតែមួយលើទឹកដីខ្លួនឯង ប៉ុន្តែ កីឡដ្ឋាននេះ នឹងស្ទើរតែគ្មានអ្នកទស្សនាសោះ ពោលគឺគ្មានតែក្រុមអ្នកបណ្តាញសារព័ត៌មាន និងមន្ត្រីរៀបចំការប្រកួតប៉ុណ្ណោះ។
សូម្បីតែគ្រូបង្វឹកនៃក្រុមបាល់ទាត់ជម្រើសជាតិលោក Joachim Loew ក៏នឹងមិនត្រូវបានអនុញ្ញាតឲ្យទស្សនាកីឡាករអាល្លឺម៉ង់របស់លោកផងដែរ សម្រាប់ការវិលត្រឡប់របស់ពួកគេវិញ។ លោក Sebastian Kehl អតីតប្រធានក្រុមនៃក្រុម Dortmund បានប្រាប់កាសែតប្រចាំថ្ងៃរបស់អាល្លឺម៉ង់ Welt ថា៖ “វានឹងក្លាយជាការប្រកួតរវាងក្រុមស្ថិតក្នុងទីក្រុងតែមួយដែលខុសប្លែកពីធម្មតាបំផុតក្នុងប្រវត្តិសាស្ត្រ”។ ជាធម្មតា ការប្រកួតលើទឹកខ្លួនឯងជាមួយនឹងក្រុមស្ថិតក្នុងទីក្រុងតែមួយដូចជា Schalke នឹងមានភាពរស់រវើកដោយសារតែអ្នកគាំទ្រ អារម្មណ៍របស់ពួកគេ ភាពរំភើបផ្សេងៗ នៅកីឡដ្ឋាន។
Dortmund នឹងសម្លឹងរកការកាត់បន្ថយគម្លាត៤ពិន្ទុតាមពីក្រោយក្រុម Bayern Munich ដែលនឹងត្រូវធ្វើដំណើរទៅជួបក្រុម Union Berlin នៅថ្ងៃអាទិត្យ។ ប៉ុន្តែ ទោះបីជាយ៉ាងណា កៅអីអង្គុយតំបន់ខាងត្បូងនៅកីឡដ្ឋានរបស់ Dortmund ដែលគេដាក់ឈ្មោះថា “The Yellow Wall” និងធម្មតាមានអ្នកគាំទ្រចំនួន២៥០០០នាក់អង្គុយក្នុងតំបន់នោះ នឹងគ្មានអ្នកទស្សនាឡើយ ដែលដូចទៅនឹងតំបន់ផ្សេងទៀតក្នុងកីឡដ្ឋានអ៊ីចឹង៕
ប្រភពព័ត៌មាន៖ Channel News Asia