ខ្សែប្រយុទ្ធអន្តរជាតិកូរ៉េខាងត្បូង Son Heung-min របស់ក្លិប Tottenham Hotspur នឹងត្រូវបង្ហាញខ្លួននៅជំរំកងទ័ពជើងទឹកនៅចុងខែនេះ ដើម្បីបំពេញការតព្វកិច្ចយោធា។ នេះបើយោងទៅតាមការចេញផ្សាយព័ត៌មានមួយកាលពីថ្ងៃព្រហស្បតិ៍។
រាល់បុរសដែលពេញកម្លាំង និងមានសមត្ថភាពទាំងអស់របស់កូរ៉េខាងត្បូង ត្រូវជាប់ការតព្វកិច្ចបម្រើយោធាក្នុងរយៈពេលជិត២ឆ្នាំ ដែលនាំឲ្យកងកម្លាំងដ៏រឹងមាំសរុបរបស់ស៊េអ៊ូលមានរហូតដល់ទៅ៦០ម៉ឺននាក់ ខណៈដែលកូរ៉េខាងជើងមានកងកម្លាំងរហូតដល់ទៅ១,៣លាននាក់។ ប៉ុន្តែ Son បានរួចផុតពីការតព្វកិច្ចដែលអាចនឹងប៉ះពាល់ដល់អាជីពបាល់ទាត់របស់គេ នៅពេលដែលក្រុមជម្រើសជាតិកូរ៉េខាងត្បូង បានឈ្នះមេដាយមាសក្នុងព្រឹត្តិការណ៍កីឡាអាស៊ីឆ្នាំ២០១៨ នៅឥណ្ឌូនេស៊ី ដែលនាំឲ្យសមាជិកទាំងអស់ត្រូវលើកលែងតែម្តង។
តារាឆ្នើមរបស់ក្លិប Spurs រូបនេះ បានរំភើបរហូតដល់ស្រក់ទឹកភ្នែក ក្រោយពីបានយកឈ្នះលើក្រុមជម្រើសជាតិជប៉ុន ក្នុងលទ្ធផល ២-១ នៅនាទីបន្ថែម១៥នាទី២ដង ដែលមានន័យថា រូបគេអាចបំពេញការតព្វកិច្ចរបស់គេតាមរយៈការហ្វឹកហាត់តែ៣សប្តាហ៍ប៉ុណ្ណោះ និងចំណាយពេលក្នុងសេវាសហគមន៍ប្រមាណជា៥០០ម៉ោង។ រដូវកាលក្របខ័ណ្ឌ Premier League របស់ Son បានបញ្ចប់ នៅមុនពេលការផ្ទុះរាតត្បាតរបស់ជំងឺកូរ៉ូណា នៅអឺរ៉ុប នៅពេលដែលរូបគេបានបាក់ដៃរបស់គេ ពេលប្រកួតជាមួយនឹងក្រុម Aston Villa កាលពីថ្ងៃទី១៦ ខែកុម្ភៈ ហើយ Spurs បានបញ្ជាក់ថា រូបគេបានវិលទៅកូរ៉ូខាងត្បូងវិញ ដោយសារតែហេតុផលផ្ទាល់ខ្លួន៕
ប្រភពព័ត៌មាន៖ Channel News Asia