Kylian Mbappe បានស៊ុតបាល់បញ្ចូលទី៣គ្រាប់ ខណៈដែលក្រុម Paris Saint-Germain បានឈានទៅប្រកួតដណ្តើមពាន French Cup វគ្គផ្តាច់ព្រ័ត្រ យ៉ាងងាយ ក្រោយពីបានកត់ត្រាជ័យជម្នះ ៥-១ លើទឹកដីក្រុម Lyon កាលពីថ្ងៃពុធ។

Mbappe ដែលជាសមាជិកឈ្នះពាន World Cup បានរកគ្រាប់បាល់តាមស្មើសម្រាប់ក្រុមភ្ញៀវរបស់ខ្លួន តាមរយៈការស៊ុតបាល់បញ្ចូលទីយ៉ាងងាយស្រួល ត្រឹមតែរយៈពេល៣នាទី ក្រោយពីកីឡាករ Martin Terrier បានធ្វើឲ្យអ្នកគាំទ្ររបស់ក្រុមម្ចាស់ផ្ទះ អបអរយ៉ាងខ្លាំង ជាមួយនឹងគ្រាប់បាល់បើកឆាកនៅនាទី ទី១១។ Mbappe វ័យ២១ឆ្នាំ ក៏បានក្លាយជាតួអង្គដ៏សំខាន់ផងដែរ ក្នុងពេលក្រុម PSG បានរកគ្រាប់បាល់នាំមុខនៅនាទី ទី៦៤ ពីការស៊ុតបាល់ប៉េណាល់ទី។

ក្រោយពីទទួលបានបាល់ពីតំបន់ស្លាបខាងឆ្វេង តារាឆ្នើមវ័យក្មេងរូបនេះ បានអូសបានផុតខ្សែការពារ២នាក់របស់ក្រុម Lyon មុននឹងបញ្ជូនបាល់ទៅឲ្យខ្សែប្រយុទ្ធ Edinson Cavani ដែលបានគ្រប់គ្រងបាល់យ៉ាងល្អ នៅមុនពេល Fernando Marcal បានធ្វើឲ្យបាល់ប៉ះដៃ។ Neymar បានស៊ុតបាល់បញ្ចូលទីយ៉ាងល្អពីចំណុចពិន័យ១១ម៉ែត្រ ក្រោយពីប្រព័ន្ធវីដេអូជំនួយការអាជ្ញាកណ្តាលបានបញ្ជាក់ថា ជាបាល់ប៉ះដៃ ស្របពេលដែល Marcal ត្រូវតែចាកចេញពីទីលានប្រកួត បន្ទាប់ពីរងពិន័យកាតក្រហមជាលើកទី២របស់គេ។

បន្ទាប់មក Mbappe បានធ្វើឲ្យក្រុម PSG មានភាពជាក់លាក់ក្នុងការធ្វើដំណើរទៅកាន់កីឡដ្ឋាន Stade de France នៅខែក្រោយ ជាមួយនឹងគ្រាប់បាល់បញ្ចូលទីយ៉ាងល្អនៅរយៈពេល២០នាទីចុងក្រោយ នៅមុនពេល Pablo Sarabia បានបន្ថែមគ្រាប់បាល់ទី៤ ក្នុងរយៈពេល១១នាទីក្រោយមក។ Mbappe បានបំពេញគ្រាប់បាល់ទី៣របស់ខ្លួន នៅជិតបញ្ចប់ការប្រកួត ក្រោយពីការលេងស៊ីចង្វាក់គ្នាយ៉ាងល្អជាមួយនឹង Neymar៕

វីដេអូ៖

ប្រភពព័ត៌មាន៖ Channel News Asia