ក្លិបយក្សអ៊ីតាលី Inter Milan បានត្រឡប់មកតាមប្រមាញ់ខ្សែប្រយុទ្ធជំនាញជើងឆ្វេងរបស់ Chelsea កីឡាករ Oliver Giroud នេះបើតាមប្រភពពីក្នុងប្រទេសអ៊ីតាលីកាលពីថ្ងៃច័ន្ទដើមសប្ដាហ៍។
យោងតាមការចុះផ្សាយរបស់កាសែតកីឡាករ Tuttosport ក្លិបមានមូលដ្ឋាននៅទីក្រុង Milan ចាប់អារម្មណ៍ចង់នាំយកខ្សែប្រយុទ្ធសញ្ជាតិបារាំងតាំងពីទីផ្សារដោះដូរកីឡាករខែមករា ប៉ុន្តែគ្រប់យ៉ាងត្រូវបានបញ្ចប់ ក្រោយលោក Antonio Conte ចំណាយប្រាក់ ២២លានដុល្លារ ទិញយកកីឡាករ Christian Eriksen ពី Tottenham Hotspur។
យ៉ាងណាមិញ ផ្លូវនៅមិនទាន់បិទបញ្ចប់នៅឡើយ Inter Milan នៅមានឱកាសជាថ្មីក្នុងការនាំយក Giroud នៅទីផ្សាររដូវក្ដៅខាងមុខ ដោយមិនមានតម្លៃនៃការផ្ទេរ ក្រោយកុងត្រារវាង Giroud និងតោខៀវ Chelsea អស់សុពលភាពនៅបំណាច់រដូវកាលនេះ។
ប្រភពដដែលបានបន្តឲ្យដឹងថា Giroud អាចនឹងមិនបន្តកុងត្រាជាមួយក្រុមលោក Frank Lampard នោះទេ ដូច្នេះជារឿងដ៏ល្អមួយសម្រាប់លោក Antonio Conte ក្នុងការនាំយកសមាជិកដែលជួយឲ្យបារាំងឈ្នះពាន World Cup 2018 មកកាន់កីឡដ្ឋាន San Siro ដោយមិនចំណាយប្រាក់សូម្បីមួយសេនទៅលើតម្លៃខ្លួន។ សូមបញ្ជាក់ផងដែរថា Giroud មិនសូវមានឱកាសបង្ហាញខ្លួននោះទេក្រោយការចូលមកដឹកនាំរបស់លោក Lampard។ ជាក់ស្ដែងនៅរដូវកាលនេះ គេចូលលេងឲ្យ Chelsea គ្រប់ព្រឹត្តិការណ៍បានចំនួន១១ប្រកួត និងរកគ្រាប់បាល់តែ២គ្រាប់ប៉ុណ្ណោះ ក្នុងនាមជាខ្សែប្រយុទ្ធ៕