លោក Frank Lampard អ្នកចាត់ការទូទៅក្រុមតោខៀវ Chelsea ត្រូវបានគេរាយការណ៍ថា ត្រៀមនឹងចំណាយប្រាក់រហូតដល់ទៅ១៥០លានផោន (ឬប្រមាណ១៩៤លានដុល្លារ) នៅរដូវក្ដៅខាងមុខ ដើម្បីនាំយកខ្សែបម្រើឆ្នើម២រូប មកពង្រឹងក្រុម។
កាលពីទីផ្សារដោះដូរខែមករាកន្លងទៅ Chelsea មិនបានទិញកីឡាករណាម្នាក់មកចូលរួមក្រុមនោះទេ បើទោះបីជាបម្រាមហាមឃាត់ទិញកីឡាករត្រូវបានដកចេញក៏ដោយ ជាហតុធ្វើឲ្យលោក Lampard ត្រូវបង្ខំចិត្តប្រើប្រាស់កីឡាករយុវជនមកលេងក្នុងឈុតធំ។
យ៉ាងណាមិញ យោងតាមការចុះផ្សាយរបស់កាសែត Telegraph គ្រូបង្វឹកសញ្ជាតិអង់គ្លេស គ្រោងនឹងចំណាយប្រាក់ខ្ទង់១៥០លានផោន ដើម្បីទិញកីឡាករថ្មីៗ មកចូលរួមក្រុមនៅទីផ្សារដោះដូររដូវក្ដៅខាងមុខ។ ខណៈខ្សែបម្រើក្រុម Dortmund កីឡាករ Jadon Sancho និងខ្សែបម្រើ Hakim Ziyech របស់ក្លិប Ajax ស្ថិតក្នុងបញ្ជីកីឡាករដែលគាត់ចង់បាន។ Sancho បានបង្ហាញទម្រង់យ៉ាងល្អបន្ទាប់ពីចាកចេញពី Man City កាលពីឆ្នាំ២០១៧។ គិតមកទល់ពេលនេះ គេបង្ហាញខ្លួនឲ្យក្រុមយក្សអាល្លឺម៉ង់បាន៨៤ប្រកួត ស៊ុតបញ្ចូលទីបាន២៩គ្រាប់ និងបញ្ជូនបាល់ឲ្យមិត្តរួមក្រុមសម្រេចទីបាន៤០ដង។
ប៉ុន្តែ Chelsea ទំនងជាត្រូវជួបគូប្រជែងធំមួយក្នុងការដណ្ដើមយកកីឡាកររូបនេះ ខណៈក្រុមបិសាចក្រហម Manchester United ត្រូវបានគេរាយការណ៍ថាក៏មានចំណាប់អារម្មណ៍ទៅលើជម្រើសជាតិអង់គ្លេសផងដែរ។ ប្រភពខាងលើបន្ថែមទៀតថា Chelsea នឹងព្យាយាមដាក់សំណើចរចារយកខ្សែបម្រើ Ziyech សាជាថ្មីម្ដងទៀតនៅរដូវក្ដៅខាងមុខ បន្ទាប់ពីត្រូវបានក្លិប Ajax បដិសេធកាលពីទីផ្សារដោះដូរខែមករាកន្លងទៅ៕