ខ្សែបម្រើ Diego Demme និង Eljif Elmas បានស៊ុតបាល់បញ្ចូលទីក្នុងការប្រកួតក្របខ័ណ្ឌ Serie A ជាលើកដំបូងរបស់ពួកគេ ខណៈដែលក្រុម Napoli បានបន្ថែមជ័យជម្នះពីលើការយកឈ្នះលើក្រុមម្ចាស់ការពារជើងឯក Juventus កាលពីចុងសប្តាហ៍មុន តាមរយៈការយកឈ្នះ ៤-២ លើទឹកដីក្រុម Sampdoria កាលពីថ្ងៃច័ន្ទ។

ក្រុមរបស់លោក Gennaro Gattuso បានកត់ត្រាជ័យជម្នះ២លើកជាប់ៗគ្នាជាលើកទី២ នៅរដូវកាលនេះ ដើម្បីឡើងទៅឈរក្នុងចំណាត់ថ្នាក់លេខ១០ ដោយដេញតាមពីក្រោយក្រុមដែលស្ថិតក្នុងចំណាត់ថ្នាក់ទៅលេងក្នុងក្របខ័ណ្ឌ Europa League ចំនួន២ពិន្ទុ។

ប៉ុន្តែ ការវិលទៅកាន់ការប្រជែងយកកៅអីក្នុងក្របខ័ណ្ឌ Champions League នៅតែជាក្តីសង្ឃឹមដ៏ស្តួចស្តើង ខណៈដែល Napoli ដែលក៏បានទម្លាក់ក្រុមម្ចាស់ជើងឯក Lazio ចេញពីពាន Italian Cup កាលពីខែមុនដែរនោះ នៅតែដេញតាមពីក្រោយក្រុមស្ថិតក្នុងចំណាត់ថ្នាក់លេខ៤ Atalanta និង Roma រហូតដល់ទៅ៩ពិន្ទុ។

ក្រោយពីដណ្តើមបានជ័យជម្នះលើក្រុម Sampdoria ដែលបានវាយបកតាមស្មើ ២-២ ខ្សែប្រយុទ្ធ Lorenzo បានឲ្យដឹងថា៖ «យើងវិលត្រឡប់មកវិញហើយ។ យើងកំពុងតែបន្តធ្វើការដែលយើងធ្វើ អំឡុងពេលសប្តាហ៍នេះជាមួយនឹងគ្រូបង្វឹក។ នេះគឺជាជ័យជម្នះមួយសម្រាប់ក្រុមនេះ»។ កីឡាកររូបនេះបានបន្ថែមទៀតថា៖ Champions League នៅតែអាចកើតឡើង ប៉ុន្តែ យើងត្រូវតែគិតពី១ប្រកួតទៅ១ប្រកួត។ យើងបានធ្វើឲ្យមានការខាតបង់ជាច្រើន ប៉ុន្តែ ពេលនេះ យើងត្រូវតែស្រោចស្រង់វិញ និងធ្វើឲ្យរដូវកាលវិលទៅកាន់គន្លងផ្លូវវិញ»៕

ប្រភពព័ត៌មាន៖ Channel News Asia