ខ្សែប្រយុទ្ធ Edinson Cavani បានរកគ្រាប់បាល់ទី២០០របស់គេសម្រាប់ក្រុម Paris Saint-Germain ហើយកីឡាករ Marquinhos បានស៊ុតបាល់បញ្ចូលទី២គ្រាប់ ខណៈដែលក្រុមកំពុងនាំមុខលើកំពូលតារាងក្របខ័ណ្ឌ Ligue 1 មួយនេះ បានស្តារមុខមាត់ពីការរងបរាជ័យក្នុងការប្រកួតក្របខ័ណ្ឌ Champions League ក្រោមស្នាដៃក្រុម Borussia Dortmund ដើម្បីផ្តួលក្រុម Bordeaux ៤-៣ កាលពីថ្ងៃអាទិត្យ ប៉ុន្តែ ជ័យជម្នះរបស់ពួកគេត្រូវបានរំខានដោយសារតែការរងពិន័យកាតក្រហមរបស់ Neymar។

ក្រោយពីបានរងបរាជ័យក្នុងលទ្ធផល ២-១ ក្នុងការប្រកួតក្របខ័ណ្ឌ Champions League វគ្គ១៦ក្រុមចុងក្រោយ ជើងទី១ នៅប្រទេសអាល្លឺម៉ង់ កាលពីពាក់កណ្តាលសប្តាហ៍មុន ភាពទន់ខ្សោយនៅតំបន់ការពាររបស់ក្រុម PSG បានបង្ហាញឲ្យឃើញម្តងទៀត ខណៈដែលខ្សែប្រយុទ្ធអន្តរជាតិកូរ៉េខាងត្បូង Hwang Ui-jo បានជួយឲ្យក្រុម Bordeaux រកបានគ្រាប់បាល់នាំមុខមុន នាកីឡដ្ឋាន Parc des Princes។

ក្រុម PSG បានផ្លាស់ប្តូរស្ថានភាព តាមរយៈគ្រាប់បាល់ស៊ុតបញ្ចូលទីរបស់កីឡាករ Cavani និង Kylian Mbappe នៅចន្លោះគ្រាប់បាល់ទាំង២គ្រាប់របស់ Marquinhos ប៉ុន្តែ ខ្សែការពារសញ្ជាតិប្រេស៊ីល Pablo និង Ruben Pardo បានរកគ្រាប់បាល់បញ្ចូលទីដូចគ្នា ដើម្បីបង្កើតឲ្យមានការបញ្ចប់ទាំងព្រលឹងចុងសក់សម្រាប់ក្រុមម្ចាស់ផ្ទះ។

រាត្រីប្រកួតនោះ បានបញ្ចប់ ដោយ Neymar រងពិន័យកាតក្រហមនៅជិតបញ្ចប់ការប្រកួត ក្រោយពីទទួលបានកាតលឿងជាលើកទី២ សម្រាប់ការប្រព្រឹត្តកំហុសលើកីឡាករ Yacine Adli របស់ក្រុម Bordeaux ខណៈដែលកីឡាករមានតម្លៃខ្លួនខ្ពស់ជាងគេក្នុងពិភពលោករូបនេះ កំពុងតែប្រឈមមុខនឹងការជាប់ពិន័យព្យួរ៕

ប្រភពព័ត៌មាន៖ Channel News Asia