លោក Jurgen Klopp បាននិយាយកាលពីថ្ងៃចន្ទថា លោកហាក់មានអារម្មណ៍ដូចជា «តួក្នុងខ្សែភាពយន្តកំប្លែងរឿង Kindergarten Cop» អ៊ីចឹង បើធៀបទៅនឹងលោក Diego Simeone ប៉ុន្តែ ក្រុម Liverpool នឹងព្យាយាមដើរតួជាក្រុមមនុស្សពេញវ័យ ដើម្បីប្រកួតជាមួយនឹងក្រុមក្មេងៗ នៅពេលដែលពួកគេជួបជាមួយនឹងក្រុម Atletico Madrid ក្នុងក្របខ័ណ្ឌ Champions League។

លោក Klopp បានប្រាប់អ្នកយកព័ត៌មាននៅទីក្រុងម៉ាឌ្រីដថា៖ «មនុស្សជាច្រើននិយាយថា ខ្ញុំឆាប់នឹងរំជួលចិត្ត ប៉ុន្តែ ប្រសិនបើខ្ញុំស្ថិតក្នុងកម្រិត៤ គាត់ស្ថិតក្នុងកម្រិត១២។ ខ្ញុំជាតួក្នុងរឿង Kindergarten Cop បើធៀបនឹងគាត់»។ លោកក៏បានប្រាប់បន្តថា៖ «លោក Simeone បានដឹកនាំក្រុមរបស់ខ្លួនអស់រយៈពេល៨ឆ្នាំមកហើយ និងនៅតែមានកម្រិតនៃការរំជួលចិត្ត ហើយនោះគឺជារឿងដ៏គួរឲ្យចាប់អារម្មណ៍»។

លោក Klopp នឹងត្រូវជួបជាមួយនឹងលោក Simeone ជាលើកទី១ នៅកីឡដ្ឋាន Wanda Metropolitano នៅរាត្រីនេះ ហើយលោកបានកោតសរសើរដល់គ្រូបង្វឹកសញ្ជាតិអាហ្សង់ទីនរូបនេះយ៉ាងខ្លាំង ស្របពេលដែលលោកមិនបាននិយាយពីការធ្លាក់ចុះទម្រង់លេងរបស់ក្រុម Atletico ដែលបានធ្វើឲ្យពួកគេស្ថិតក្នុងនាមជាក្រុមមានក្តីសង្ឃឹមតិចក្នុងការឈានទៅវគ្គ៨ក្រុមចុងក្រោយនៃ Champions League។

Atletico ស្ថិតក្នុងចំណាត់ថ្នាក់លេខ៤ នៅលើតារាង La Liga ដោយដេញតាមពីក្រោយក្រុម Real Madrid ដល់ទៅ១៣ពិន្ទុ និងត្រូវជួបក្រុមកំពុងឡើងទម្រង់លេង Liverpool ដែលមិនទាន់ស្គាល់ចាញ់នៅឡើយទេក្នុងក្របខ័ណ្ឌ Premier League និងនាំមុខ២៥ពិន្ទុដាច់លើកំពូលតារាង។

លោក Klopp បានឲ្យដឹងថា៖ «ការប្រកួតជាមួយនឹងក្រុម Atletico គឺជាការប្រកួតមួយក្នុងចំណោមការប្រកួតដ៏លំបាកបំផុតក្នុងជីវិតរបស់កីឡាបាល់ទាត់ម្នាក់។ ពួកគេជាក្រុមមានការរៀបចំបានល្អ និងរឹងមាំ»៕

ប្រភពព័ត៌មាន៖ Channel News Asia