លោក Frank Lampard អ្នកចាត់ការទូទៅរបស់ក្រុម Chelsea បានប្រាប់ក្រុមរបស់លោកថា «ការប្រយុទ្ធចាប់ផ្តើមហើយ» សម្រាប់ការប្រជែងយកកៅអីក្របខ័ណ្ឌ Champions League នៅរដូវកាលក្រោយ ក្រោយពីបានរងបរាជ័យក្នុងលទ្ធផល ២-០ ក្រោមស្នារដៃក្រុម Manchester United កាលពីថ្ងៃច័ន្ទ។

ក្រុមតោខៀវ បានរងនូវការបាត់បង់គ្រាប់បាល់២គ្រាប់ ដោយសារតែប្រព័ន្ធវីដេអូជំនួយការអាជ្ញាកណ្តាល (VAR) និងបានផ្ទុះកំហឹងដោយសារតែខ្សែការពារ Harry Maguire មិនរងពិន័យកាតក្រហមសម្រាប់ការទាត់ទៅលើខ្សែប្រយុទ្ធ Michy Batshuayi ពេលគ្មានបាល់ នៅមុនពេលរូបគេបានតែតបាល់គ្រាប់បាល់ទី២របស់ Man United ក្រោយពីខ្សែប្រយុទ្ធ Anthony Martial បានរកគ្រាប់បាល់បើកឆាក។

លោក Lampard បានសម្តែងនូវការខកចិត្តយ៉ាងខ្លាំង ខណៈដែលក្រុមរបស់លោកបានឈ្នះត្រឹមតែ៤ប្រកួតគត់ ក្នុងចំណោមការប្រកួតលីក១៤លើកចុងក្រោយ នៅពេលប្រកួតជាមួយនឹងក្រុមដែលមានកម្រិតលេងអន់ជាង។ លោកក៏បានឲ្យដឹងថា៖ «ការប្រយុទ្ធចាប់ផ្តើមពេលនេះហើយ។ វាមិនមានតម្លៃសម្រាប់ខ្ញុំឡើយក្នុងការនិយាយលើបញ្ហានេះ នៅពេលនេះ ប៉ុន្តែ ពិតណាស់ យើងនឹងរង់ចាំមើល»។

ជ័យជម្នះនេះ ធ្វើឲ្យក្រុម Man United ឡើងទៅឈរក្នុងចំណាត់ថ្នាក់លេខ៧ និងតាមពីក្រោយក្រុម Chelsea ៣ពិន្ទុ ដែលឈរលេខ៤ ខណៈដែលការទទួលចំណាត់ថ្នាក់លេខ៥ អាចនឹងគ្រប់គ្រាន់សម្រាប់ការឈ្នះកៅអីទៅលេងក្នុង Champions League នៅរដូវកាលក្រោយ ដោយរង់ចាំតែសវនាការម្តងទៀតរបស់ Manchester City ប្រឆាំងនឹងការដាក់ពិន័យព្យួរ២រដូវកាលពីក្របខ័ណ្ឌអឺរ៉ុប ប៉ុណ្ណោះ៕

ប្រភពព័ត៌មាន៖ Channel news Asia