ខ្សែបម្រើសញ្ជាតិអាហ្សង់ទីន Giovani Lo Celso និង Erik Lamela របស់ក្រុម Tottenham Hotspur សុទ្ធសឹងបានស៊ុតបាល់បញ្ចូលទីដូចគ្នា ខណៈដែលក្រុមរបស់លោក Jose Mourinho បានផ្តួលក្រុម Middlesbrough ទាំងប្រផិតប្រផើយក្នុងលទ្ធផល ២-១ ក្នុងការប្រកួតពាន FA Cup ជុំទី៣ កាលពីថ្ងៃអង្គារ។

ក្នុងការប្រកួតពាន FA Cup នាកីឡដ្ឋានថ្មីជាលើកទី១របស់ក្រុមម្ចាស់ជើងឯក៨សម័យកាល Tottenham កីឡាករ Lo Celso បានជួយឲ្យក្រុមខ្លួនមានគ្រាប់បាល់នាំមុខ ក្រោយពីលេងបានត្រឹមតែ២នាទី នៅមុនពេល Lamela បានបន្ថែមការនាំមុខរបស់ក្រុមខ្លួន នៅនាទី ទី១៥។

ក្រុមស្ថិតក្នុងក្របខ័ណ្ឌលំដាប់ទី២ Middlesbrough បានបង្កើតឲ្យមានការភិតភ័យនៅរយៈពេល៣ទៅ៤នាទីចុងក្រោយសម្រាប់ក្រុមម្ចាស់ផ្ទះ ខណៈដែលក្រុមរបស់លោក George Saville បានវាយបក១គ្រាប់វិញនៅនាទី ទី៨៣ ប៉ុន្តែ ក្រុម Tottenham នៅតែអាចដណ្តើមបានជ័យជម្នះជាលើកទី១របស់ខ្លួនក្នុងចំណោមការប្រកួត៥លើកចុងក្រោយ ដើម្បីឡើងទៅជួបក្រុម Southampton ក្នុងការប្រកួតជុំទី៤។

ស្របពេលជាមួយគ្នានេះ ក្រុម Newcastle United បានយកឈ្នះលើក្រុមស្ថិតក្នុងក្របខ័ណ្ឌលំដាប់ទី៣ Rochdale យ៉ាងងាយក្នុងលទ្ធផល ៤-១ នាកីឡដ្ឋាន St James’ Park។ ការធ្វើឲ្យបាល់ចូលទីខ្លួនឯងរបស់កីឡាករ Eoghan O’Connell បានធ្វើឲ្យក្រុម Newcastle មានគ្រាប់បាល់នាំមុខមុន ហើយកីឡាករ Matthew Longstaff និង Miguel Almiron បានបញ្ចប់ឱកាសនៃការវាយបកសម្រាប់គូប្រកួតរបស់ខ្លួន តាមរយៈការរកបានគ្រាប់បាល់រៀងៗខ្លួននៅមុនពេលបញ្ចប់តង់ទី១។ ក្រុម Newcastle នឹងត្រូវប៉ះជាមួយនឹងក្រុមស្ថិតក្នុងក្របខ័ណ្ឌលំដាប់ទី៣ ម្តងទៀត នៅជុំទី៤ ខណៈពួកគេត្រូវប៉ះក្រុម Oxford United៕

វីដេអូ៖