លោក Carlo Ancelotti កំពុងសម្លឹងចង់នាំយកខ្សែបម្រើប្រយុទ្ធ James Rodriguez មកកាន់ក្លឹប Everton នៅខែមករាខាងមុខ។ កីឡាករសញ្ជាតិកូឡុំប៊ីបានព្យាបាលបញ្ហារបួសជង្គង់ខាងឆ្វេងរួចរាល់ហើយ ប៉ុន្តែនៅតែមិនមានឈ្មោះក្នុងបញ្ជីកីឡាកររបស់លោក Zinedine Zidane ពេលដែល Real Madrid យកឈ្នះ Gatafe ៣-០ កាលពីចុងសប្ដាហ៍។
ផ្អែកតាមសារព័ត៌មានអង់គ្លេសឲ្យដឹងថា Ancelotti បានជួបជាមួយក្រុមប្រឹក្សារបស់ Everton ក្នុងឱកាសដើម្បីបញ្ជាក់ពីបំណងប្រាថ្នារបស់លោកក្នុងការចុះហត្ថលេខាជាមួយ James។ Rodriguez វ័យ២៨ឆ្នាំដែលចំណាយពេល២រដូវកាលជាមួយ Bayern Munich មិនសូវបានបង្ហាញខ្លួនលេងឡើយចាប់តាំងពីត្រលប់មកកាន់ Santiago Bernabeu វិញ។
មួយវិញទៀតគេក៏មិនស្ថិតក្នុងគម្រោងវែងឆ្ងាយរបស់លោក Zidane ទៀតផង។ កត្តានេះហើយ ធ្វើឲ្យ Everton ជឿជាក់ពួកគេអាចមានឱកាសល្អនាំមក James មកកាន់កីឡដ្ឋាន Goodison Park៕