លោក Pep Guardiola ជឿជាក់ថា Sergio Aguero «ពិតជាគ្មានកីឡាករណាអាចជំនួសបានឡើយ» ខណៈដែលខ្សែប្រយុទ្ធរបស់ក្លិប Manchester City រូបនេះ នឹងឈានទៅកាន់រយៈពេល១៨ឆ្នាំចុងក្រោយនៃអាជីពដ៏ត្រចះត្រង់របស់គេក្នុងកីឡាបាល់ទាត់អង់គ្លេស។

ខ្សែប្រយុទ្ធអន្តរជាតិអាហ្សង់ទីនរូបនេះ អាចនឹងត្រូវស្ថិតជាកីឡាករបម្រុងសម្រាប់ការធ្វើដំណើរទៅប្រកួតនៅលើទឹកដីក្រុម Wolves ក្នុងក្របខ័ណ្ឌ Premier League នារាត្រីនេះ ស្របពេលដែលរូបគេបន្តសម្រាកព្យាបាលបញ្ហាភ្លៅរបស់គេ។ បញ្ហារបួសនេះ បានធ្វើឲ្យកីឡាករវ័យ៣១ឆ្នាំរូបនេះអវត្តមានពីការប្រកួតចាប់តាំងពីចុងខែវិច្ឆិកា ស្របពេលដែលលោក Guardiola ក៏ត្រូវប្រឈមមុខនឹងការដោះស្រាយបញ្ហាមួយផងដែរ នៅពេលដែលកិច្ចសន្យារបស់ Aguero ផុតកំណត់នៅឆ្នាំក្រោយ។

អ្នកចាត់ការទូទៅរបស់ក្រុម Man City រូបនេះ មិនរំពឹងទុកថា នឹងមានសមត្ថភាពក្នុងការបញ្ចុះបញ្ចូល Aguero ឲ្យផ្លាស់ប្តូរគម្រោងរបស់គេក្នុងការបញ្ចប់អាជីពរបស់ខ្លួននៅទឹកដីកំណើតឡើយ ហើយបញ្ហានោះ នឹងធ្វើឲ្យលោក Guardiola មានការងារដ៏លំបាកក្នុងការរកអ្នកមកជំនួសកន្លែងរបស់តារាឆ្នើមរូបនេះ ដែលបានស៊ុតបាល់បញ្ចូលទីដល់ទៅ២៤៤គ្រាប់សម្រាប់ក្លិបរបស់គេ មកទល់ពេលនេះ។ លោក Guardiola បានឲ្យដឹងថា៖ «ខ្ញុំនឹងនិយាយថា វានឹងក្លាយជាការងារដ៏លំបាកបំផុតមួយ។

Sergio មិនអាចមានអ្នកជំនួសបានឡើយ។ យើងមានខ្សែប្រយុទ្ធដ៏ឆ្នើមជាច្រើនផ្សេងទៀត ដូចជា Gabriel Jesus ជាដើម ហើយខ្សែប្រយុទ្ធម្នាក់ទៀតនឹងមកដល់ នៅពេលដែល Sergio ចាកចេញ។ ប៉ុន្តែរូបគេគឺមិនមានអ្នកជំនួសបានឡើយ»៕

ប្រភពព័ត៌មាន៖ Channel News Asia