អ្នកចាត់ការក្រុម Liverpool លោក Jurgen Klopp បានបញ្ជាក់បា្រប់ថាៈ ខ្សែបម្រើឆ្នើម Alex Oxlade-Chamberlain នឹងត្រូវខកខានចូលលេងអោយក្រុមដែលកំពុងនាំមុខតារាងក្របខណ្ឌ Premier League យ៉ាងហោចណាស់ ២ប្រកួតបន្ទាប់ពីរូបគេរងរបួសសរសៃពួរកជើង។ អតីតកីឡាករក្រុមកាំភ្លើងធំ Arsenal ក៏មិនបានចូលលេងស្ទើរពេញមួយរដូវកាល (២០១៨-១៩) ដោយសារបញ្ហារបួសជង្គង់ផងដែរ។

ខ្សែបម្រើក្រុមជម្រើសជាតិអង់គ្លេសវ័យ ២៦ឆ្នាំត្រូវបានផ្លាស់ចេញអំឡុងការប្រកួតផ្តាច់ព្រ័ត្រ Club World Cup កាលពីថ្ងៃសៅរ៍តែរូបគេបានចូលរួមជាមួយមិត្តរួមក្រុមដើម្បីអបអរជ័យជម្នះក្នុងស្ថានភាពកាន់ឈើច្រត់ ក្រោយពីផ្តួល Flamengo ក្នុងលទ្ធផល ១ទល់និង០ ។

ពានរង្វាន់ Club World Cup គឺជាពានទី២ នៅរដូវកាលនេះសម្រាប់ Liverpool ដែលបច្ចុប្បន្នមាន គម្លាត ១០ពិន្ទុនៅលើកំពូលតារាង Premier League ខណៈពានទី២គឺ UEFA Super Cup បន្ទាប់ពីក្នុងនាមម្ចាស់ពាន Champion League បានផ្តួលម្ចាស់ពាន UEFA Super Cup គឺតោខៀវ Chelsea លើបាល់ប៉េណាល់ទី កាលពីខែសីហាកន្លងទៅនេះ។