ការប្រកួតរបស់ក្រុម Leicester City ជាមួយនឹងក្រុមកំពុងនាំមុខលើកំពូលតារាងនៃក្របខ័ណ្ឌ Premier League គឺ Liverpool នៅរាត្រីថ្ងៃព្រហស្បតិ៍ នឹងក្លាយជាការសាកល្បងសមត្ថភាពយ៉ាងពិតប្រាកដថា ពួកគេនឹងត្រូវឈរនៅទីតាំងណា។ នេះបើយោងទៅតាមការបញ្ជាក់របស់លោកគ្រូបង្វឹក Brendan Rodgers កាលពីថ្ងៃច័ន្ទ។
ក្រុម Leicester ដែលកំពុងឈរលេខ១នៅលើកំពូលតារាង បានរងបរាជ័យក្នុងលទ្ធផល ២-១ ក្រោមស្នាដៃក្រុម Liverpool នាកីឡដ្ឋាន Anfield កាលពីខែតុលា ដែលនៅពេលនោះខ្សែបម្រើ James Milner បានស៊ុតបាល់ប៉េណាល់ទីនៅជិតបញ្ចប់ការប្រកួត ហើយលោក Rodgers បានបញ្ជាក់ថា លោកសង្ឃឹមថា អ្នកគាំទ្រម្ចាស់ផ្ទះ នឹងជួយឲ្យ Leicester ធ្វើបានល្អនៅពេលដែលប្រកួតជាមួយនឹងក្រុមមួយដែលមិនទាន់ស្គាល់ចាញ់នៅឡើយទេ ក្នុងការប្រកួតក្របខ័ណ្ឌលីកនៅរដូវកាលនេះ។
លោក Rodgers អតីតអ្នកចាត់ការទូទៅរបស់ក្រុម Liverpool បានឲ្យដឹងថា៖ «វាជាការប្រកួតដ៏លំបាកមួយផ្សេងទៀតសម្រាប់យើង។ ពួកគេជាក្រុមមួយក្នុងចំណោមក្រុមដ៏រឹងមាំបំផុតនៅកម្រិតនេះ អស់រយៈពេលជាយូរមកហើយ ប៉ុន្តែ យើងលេងលើទឹកដីរបស់យើង ហើយយើងចង់បង្ហាញពីការប្រកួតដ៏ពិតប្រាកដរបស់យើង»។
លោកបានបន្ថែមទៀតថា៖ «យើងពិតជាមានការប្រកួតដ៏ល្អមួយនៅកីឡដ្ឋាន Anfield ហើយយើងគួរតែចាកចេញពីការប្រកួតនោះជាមួយនឹងលទ្ធផលស្មើ។ យើងនឹងលេងលើទឹកដីខ្លួនឯង ហេតុនេះ ការគាំទ្រដ៏ច្រើនកុះករ គួរតែអាចជួយយើងបានផងដែរ»៕
ប្រភពព័ត៌មាន៖ Channel News Asia