លោក Carlo Ancelotti បានឈានដល់ការព្រមព្រៀងគ្នាលើលក្ខខណ្ឌជាគោលមួយ ដើម្បីក្លាយជាអ្នកចាត់ការទូទៅថ្មីរបស់ក្លិប Everton។ នេះបើយោងទៅតាមការចេញផ្សាយរបស់ទូរទស្សន៍ Sky Sports កាលពីថ្ងៃចន្ទ។
លោក Ancelotti បានធ្វើដំណើរទៅដល់តំបន់ Merseyside កាលពីព្រឹកថ្ងៃចន្ទ ខណៈដែលបណ្តាញសារព័ត៌មានយ Sky Sports បានចេញផ្សាយថា ការពិភាក្សាគ្នាផ្សេងៗរវាងក្លិបរបស់ក្របខ័ណ្ឌអង់គ្លេស Premier League មួយនេះ និងគ្រូបង្វឹកជើងចាស់សញ្ជាតិអ៊ីតាលីលោក Ancelotti បានដំណើរការយ៉ាងល្អ។ គ្រូបង្វឹកវ័យ៦០ឆ្នាំរូបនេះ អាចនឹងត្រូវប្រកាសជាគ្រូបង្វឹករបស់ក្លិបទូកក្តោង Everton ក្នុងពេលឆាប់ៗនេះ ដើម្បីជំនួសកន្លែងរបស់លោក Marco Silva នៅមុនពេលការប្រកួតពាន League Cup វគ្គ៨ក្រុមចុងក្រោយរបស់ក្រុម Everton ជាមួយនឹងក្រុម Leicester នៅរាត្រីថ្ងៃពុធ។
លោក Ancelotti ផ្ទាល់ ទើបតែត្រូវបានបណ្តេញចេញពីតំណែងជាអ្នកចាត់ការទូទៅរបស់ក្លិប Napoli កាលពីសប្តាហ៍មុន បើទោះបីដឹកនាំឲ្យក្លិបរបស់អ៊ីតាលីមួយនេះ ឈានទៅវគ្គ១៦ក្រុមចុងក្រោយនៃក្របខ័ណ្ឌ Champions League ក៏ដោយ បន្ទាប់ពីពួកគេបានធ្លាក់ទៅឈរក្នុងចំណាត់ថ្នាក់លេខ៧ នៅលើតារាងក្របខ័ណ្ឌ Serie A។
ប្រសិនបើលោកត្រូវបានតែងតាំងមែន វាមានន័យថាលោក Ancelotti នឹងវិលទៅកាន់អង់គ្លេសជាលើកទី២ បន្ទាប់ពីបានចំណាយពេលអស់២ឆ្នាំនៅឯក្លិប Chelsea ចាប់ពីរដូវកាលឆ្នាំ២០០៩ ដល់ ២០១១ ដោយលោកបានដឹកនាំឲ្យក្រុមស្ថិតក្នុងទីក្រុងឡុងដ៍មួយនេះ ឈ្នះពាន Premier League និងពាន FA Cup ក្នុងរដូវកាលតែ១ ក្នុងរដូវកាលទី១របស់លោកក្នុងនាមជាគ្រូបង្វឹក។ ស្របពេលជាមួយគ្នានេះ លោក Duncan Ferguson អតីតខ្សែប្រយុទ្ធរបស់ក្លិប Everton នឹងត្រូវបន្តតំណែងជាអ្នកចាត់ការទូទៅបណ្តោះអាសន្នសម្រាប់ការប្រកួតលើទឹកដីខ្លួនឯងជាមួយនឹងក្រុម Leicester នៅរាត្រីថ្ងៃពុធ៕
ប្រភពព័ត៌មាន៖ Channel News Asia