ប្រភពពីបណ្តាញសារពត៌មានប្រទេសកូឡុំប៊ីលោក Carlos Antonio Vélez បានប្រាប់អោយដឹងថាអ្នកចាត់ការទូទៅសញ្ជាតិកូឡុំប៊ីលោក Carlos Queiroz បានផ្តល់ដំបូន្មានដល់ខ្សែបម្រើ-ប្រយុទ្ធស្លាប JamesRodríguez បដិសេធការវិលត្រឡប់មកកាន់ក្លឹប Real Madrid នៅរដូវកាលនេះក្រោយចំណាយពេល២រដូវកាលខ្ចីជើងនៅនៅក្លឹប Bayern Munich ។

អតីតជំនួយការលោក Sir Alex Ferguson និង ក្លឹបអធិរាជសរូបនេះក៏បានជំរុញឱ្យកូនក្រុមរបស់គាត់ ចាកចេញពីកីឡាដ្ឋាន Santiago Bernabéu ដើម្បីស្វែងរកឪកាសនៃការបង្ហាញខ្លួនជាក់លាក់នៅ ជម្រើសដំបូងមុនពេលព្រឹត្តការណ៏ Copa América ឆ្នាំ២០២០ ដែលមានកូឡុំប៊ីនិងអាហ្សង់ទីន ធ្វើ ជាម្ចាស់ផ្ទះរួមគ្នា។

បច្ចុប្បន្ន James កីឡាករមានជំនាញជើងឆ្វេងរូបនេះកំពុងសម្រាកព្យាបាលរបួសសរសៃពួរកំលុងពេល បំពេញកាតព្វកិច្ចអោយជម្រើសជាតិ ហើយរំពឹងថានឹងអាចវិលត្រលប់មកចូលលេងវិញបន្ទាប់ពីវិស្សមកាល រដូវរងារនៅខែមករាឆ្នាំ ២០២០ខាងមុខនេះ។