តារាឆ្នើម Cristiano Ronaldo របស់ក្លិប Juventus បានតឿនរំឭកថា រូបគេវិលមកវិញហើយ និងត្រៀមខ្លួនរួចរាល់សម្រាប់ការប្រកួតក្របខ័ណ្ឌ Champions League ជាមួយនឹងអតីតគូប្រកួតចាស់ Atletico Madrid ក្នុងទីក្រុង Turin នៅរាត្រីនេះ។

លោកគ្រូបង្វឹក Maurizio Sarri បានបញ្ជាក់ថា ភាពរឹងមាំរបស់ខ្សែប្រយុទ្ធអន្តរជាតិព័រទុយហ្គាល់វ័យ៣៤ឆ្នាំរូបនេះ នៅតែត្រូវស្ថិតក្រោមការតាមដាន នៅមុនពេលការប្រកួតពូល D ខណៈដែលរូបគេកំពុងមានបញ្ហាជង្គង់។ ប៉ុន្តែ Ronaldo បានបង្ហាញពីការស្រេកឃ្លានរបស់គេក្នុងការចូលលេង តាមរយៈការបង្ហោះរូបថតមួយសន្លឹកនៅលើបណ្តាញសង្គម Twitter ដោយសរសេរថា៖ «ខ្ញុំមកវិលមកហើយ»។

តារាឆ្នើមរូបនេះ មានប្រវត្តិដ៏យូរអង្វែងមួយជាមួយនឹងក្រុម Atletico របស់អេស្ប៉ាញ ក្នុងពេលរូបគេបានចំណាយពេលវេលាអស់៩ឆ្នាំជាមួយនឹងក្រុម Real Madrid។ ម្ចាស់ពានរង្វាន់បាល់មាស៥សម័យកាលរូបនេះ បានស៊ុតបាល់បញ្ចូលទី២២គ្រាប់ ក្នុងពេលប្រកួតជាមួយនឹងក្រុម Atletico សម្រាប់ Real ក្នុងនោះរាប់បញ្ចូលទាំងគ្រាប់បាល់ក្នុងការប្រកួតក្របខ័ណ្ឌ Champions League វគ្គផ្តាច់ព្រ័ត្រ ឆ្នាំ២០១៤ ផងដែរ។

រូបគេក៏បានរកគ្រាប់បាល់ឈ្នះពីការស៊ុតបាល់ប៉េណាល់ទី ផងដែរ ក្នុងពេល Real ផ្តួល Atletico ក្នុងវគ្គផ្តាច់ព្រ័ត្រម្តងទៀត ក្នុងរយៈពេល២ឆ្នាំក្រោយមក។ ក្នុងការប្រកួតក្របខ័ណ្ឌ Champions League កាលពីរដូវកាលមុន ក្រុម Atletico បានយកឈ្នះ ២-០ ក្នុងជើងទី១នៃវគ្គ១៦ក្រុមចុងក្រោយ ប៉ុន្តែ Ronaldo បានស៊ុតបាល់បញ្ចូលទី៣គ្រាប់ក្នុងទីក្រុង Turin កាលពីខែមីនា ដើម្បីទម្លាក់ពួកគេត្រឹមវគ្គនោះតែម្តង៕

ប្រភពព័ត៌មាន៖ Channel News Asia