ខ្សែប្រយុទ្ធ Olivier Giroud បានស៊ុតបាល់ប៉េណាល់ទីនៅជិតបញ្ចប់ការប្រកួត ខណៈដែលក្រុមបាល់ទាត់ជម្រើសជាតិបារាំង បានកត់ត្រាជ័យជម្នះទាំងប្រផិតប្រផើយក្នុងលទ្ធផល ២-១ លើក្រុមជម្រើជាតិម៉ុលដាវី ដែលមានចំណាត់ថ្នាក់លេខ១៧៥ក្នុងពិភពលោក ពោលត្រឹមតែប៉ុន្មានម៉ោងក្រោយពីឈ្នះកៅអីទៅ Euro ឆ្នាំ២០២០ កាលពីថ្ងៃព្រហស្បតិ៍។

ក្រុមម្ចាស់ជើងឯកពិភពលោក បារាំង ដែលបានរងបរាជ័យក្នុង Euro ឆ្នាំ២០១៦ វគ្គផ្តាច់ព្រ័ត្រ ក្រោមស្នាដៃក្រុមជម្រើសជាតិព័រទុយហ្គាល់នោះ បានឈ្នះកៅអីទៅកាន់យុទ្ធនាការនៅឆ្នាំក្រោយ នៅមុនពេលចាប់ផ្តើមប្រកួតនៅទីក្រុងប៉ារីស បន្ទាប់ពីក្រុមជម្រើសជាតិតួកគី បានបញ្ចប់ក្នុងលទ្ធផលស្មើ ០-០ ជាមួយនឹងក្រុមជម្រើសជាតិអ៊ីស្លង់។

ប៉ុន្តែ ក្តីសង្ឃឹមរបស់ពួកគេក្នុងការបង្កើតការអបអរដ៏ធំក្នុងការប្រកួតជម្រុះលើទឹកដីខ្លួនឯងជាលើកចុងក្រោយរបស់ពួកគេ នាកីឡដ្ឋាន Stade de France បានស្ថិតក្នុងភាពមិនច្បាស់ នៅពេលដែលកីឡាករ Vadim Rata បានស៊ុតបាល់បំប៉ោងសំណាញ់ទីដើម្បីជួយឲ្យក្រុមជម្រើសជាតិម៉ុលដាវី នាំមុខមុននៅនាទី ទី៩។

ខ្សែការពារ Raphael Varane បានរកគ្រាប់បាល់តាមស្មើវិញសម្រាប់ក្រុមជម្រើសជាតិបារាំង នៅ១០នាទីចុងក្រោនៃតង់ទី១ ដែលនាំឲ្យមានការតវ៉ាយ៉ាងខ្លាំងក្លាពីសំណាក់កីឡាកររបស់ម៉ុលដាវី និងគ្រូបង្វឹករបស់ពួកគេ ដែលបានតវ៉ាថា អ្នកចាំទី Alexei Koselev ត្រូវបានធ្វើឲ្យដួលដោយ Giroud។

ខ្សែប្រយុទ្ធរបស់ក្លិប Chelsea រូបគេ បានរកគ្រាប់បាល់ឈ្នះពីការស៊ុតបាល់ប៉េណាល់ទី នៅរយៈពេល១១នាទីចុងក្រោយ បន្ទាប់ពី Lucas Digne ត្រូវបានធ្វើឲ្យដួលក្នុងប្រអប់គ្រោះថ្នាក់ ដើម្បីជួយឲ្យបារាំង នាំមុខ២ពិន្ទុដាច់លើក្រុមតួកគី ក្នុងពូល H។ បារាំង នឹងបញ្ចប់យុទ្ធនាការជម្រុះរបស់ខ្លួននៅលើទឹកដីក្រុមអាល់បានី នៅថ្ងៃអាតទិត្យនេះ ខណៈដែលតួកគី ត្រូវធ្វើដំណើរទៅកាន់ទឹកដីក្រុមអង់ដូរ៉ា៕

ប្រភពព័ត៌មាន៖ Channel News Asia