ក្រុម Borussia Dortmund និងលោក Lucien Favre ជាគ្រូបង្វឹកស្ថិតក្រោមការរិះគន់ សង្ឃឹមថា អាចរក្សាភាពខ្លាំងរបស់ខ្លួន ក្រោយពីបានកត់ត្រាជ័យជម្នះ២លើកជាប់ៗគ្នា នៅពេលដែលពួកគេសម្លឹងរកការសងសឹកក្នុងការប្រកួតក្របខ័ណ្ឌ Champions League លើទឹកដីខ្លួនឯងជាមួយនឹងក្រុម Inter Milan នៅរាត្រីនេះ។
ការបង្ហាញពីទម្រង់លេងមិនបានល្អ បានធ្វើឲ្យក្រុម Dortmund រងបរាជ័យក្នុងលទ្ធផល ២-០ នៅលើទឹកដីក្រុម Inter កាលពី២សប្តាហ៍មុន ខណៈដែលការបរាជ័យនេះ បានបង្កើតឲ្យមានព័ត៌មានថា លោក Jose Mourinho កំពុងតែរង់ចាំជំនួសកន្លែងរបស់លោក Favre ប្រសិនបើលទ្ធផលមិនល្អប្រសើរទេនោះ។
បណ្តាញសារព័ត៌មានរបស់អាល្លឺម៉ង់ បានធ្វើឲ្យលោក Favre ធ្លាក់ចូលក្នុងសម្ពាធ ក្រោយពីខ្សែប្រយុទ្ធ Lautaro Martinez បានជួយឲ្យក្រុម Inter រកបានគ្រាប់បាល់នាំមុខមុន បន្ទាប់មកខ្សែបម្រើស្លាប Antonio Candreva បានបំពេញការរងបរាជ័យសម្រាប់ក្រុម Dortmund នាកីឡដ្ឋាន San Siro។ ក្រុមរបស់លោក Favre ហាក់បានបង្ហាញពីភាពទន់ខ្សោយក្នុងតំបន់ការពារ ក្នុងការប្រកួតនោះ ហើយការសង្គ្រោះបាល់ប៉េណាល់របស់ Roman Burki បានរារាំងមិនឲ្យក្រុមខ្លួនចាញ់កាន់តែធ្ងន់ នៅទីក្រុង Milan។
ប៉ុន្តែ ចាប់តាំងពីពេលនោះមក Dortmund បានធ្វើល្អប្រសើរឡើងវិញ ប៉ុន្តែ នៅតែស្ថិតក្នុងសម្ពាធ ក្នុងការផ្តួលក្រុម Inter លើទឹកដីខ្លួនឯង ដើម្បីរក្សាស្ថិតនៅលើផ្លូវឆ្ពោះទៅកាន់វគ្គបន្ត។ ខ្សែបម្រើស្លាប Julian Brandt បានប្រាប់សន្និសីទសារព័ត៌មានកាលពីថ្ងៃចន្ទថា៖ «យើងទទួលបានការជឿជាក់ នៅពេលដែលយើងលេងលើទឹកដីខ្លួនឯង។ យើងបានផ្តួលក្រុមខ្លាំងៗរួចជាស្រេចនៅទីនេះ និងមានការជឿជាក់»៕