ខ្សែប្រយុទ្ធ Mauro Icardi និង Kylian Mbappe សុទ្ធសឹងបានស៊ុតបាល់បញ្ចូលទី២គ្រាប់ដូចគ្នា ខណៈដែលក្រុម Paris Saint-Germain បានលត់គូប្រជែងចាស់របស់ខ្លួន Marseille យ៉ាងចាស់ដៃក្នុងលទ្ធផល ៤-០ កាលពីថ្ងៃសៅរ៍ ដើម្បីបន្ថែមការនាំមុខរបស់ពួកគេនៅលើកំពូលតារាងនៃក្របខ័ណ្ឌ Ligue 1។

Icardi បានស៊ុតបាល់បញ្ចូលទី២គ្រាប់ នៅរយៈពេល២៦នាទីដំបូង នាកីឡដ្ឋាន Parc des Princes ហើយ Mbappe ដែលបានវិលចូលលេងក្នុងជម្រើសដំបូងជាលើកទី១របស់គេ ក្រោយពីជាសះស្បើយពីរបួសនោះ បានរកគ្រាប់បាល់បញ្ចូលទី២គ្រាប់បន្ថែមទៀត នៅមុនពេលបញ្ចប់តង់ទី១ ក្នុងពេលប្រកួតជាមួយនឹងក្រុមភ្ញៀវរបស់លោក Andre Villas-Boas។ សម្រាប់ការចូលលេងក្នុងជម្រើសដំបូងម្តងទៀត ដើម្បីជំនួសកន្លែងរបស់ខ្សែប្រយុទ្ធដែលរកបានគ្រាប់បាល់ច្រើនជាងគេ Edinson Cavani ខ្សែប្រយុទ្ធ Icardi ដែលខ្ចីជើងពីក្លិប Inter Milan បច្ចុប្បន្ន រកបាន៧គ្រាប់ ក្នុងការប្រកួត៥លើកចុងក្រោយរបស់ក្រុម PSG។

Mbappe ដែលរកបាន៣គ្រាប់ក្នុងពេលក្រុមខ្លួនយកឈ្នះលើក្រុម Club Brugge ៥-០ ក្នុងក្របខ័ណ្ឌ Champions League កាលពីពាក់កណ្តាលសប្តាហ៍មុននោះ បានស៊ុតបាល់បញ្ចូលទី៦គ្រាប់ ក្នុងការប្រកួត៣លើកចុងក្រោយ ដោយរូបគេបានស៊ុតបាល់បញ្ចូលទី៣គ្រាប់ ក្នុងនាមជាកីឡាករបម្រុងនៅបែលហ្ស៊ិក នៅមុនពេលចូលលេងក្នុងជម្រើសដំបូងជាលើកទី១ ក្នុងរយៈពេល២ខែ។ PSG កំពុងតែនាំមុខ៨ពិន្ទុដាច់លើកំពូលតារាងនៃក្របខ័ណ្ឌ Ligue 1 ខណៈដែលជ័យជម្នះនេះ បានកើតឡើង ក្រោយក្រុមឈរលេខ២ Nantes ចាញ់ក្រុម Monaco ១-០ លើទឹកដីខ្លួនឯងកាលពីថ្ងៃសុក្រ៕

ប្រភពព័ត៌មាន៖ Channel News Asia