ក្រុមបាល់ទាត់ជម្រើសជាតិបែលហ្ស៊ិក បានក្លាយជាក្រុមដំបូងគេក្នុងការឈ្នះកៅអីទៅលេងក្នុងព្រឹត្តិការណ៍ Euro ឆ្នាំ២០២០ ជុំផ្តាច់ព្រ័ត្រ ខណៈដែលខ្សែប្រយុទ្ធ Romelu Lukaku បានស៊ុតបាល់បញ្ចូលទី២គ្រាប់ក្នុងពេលក្រុមខ្លួនបានផ្តួលក្រុមជម្រើសជាតិសាំងម៉ារ៉ាំង ក្នុងលទ្ធផល ៩-០ ក្នុងទីក្រុង Brussels កាលពីថ្ងៃព្រហស្បតិ៍។

ស្របពេលជាមួយគ្នានេះ ក្រុមបាល់ទាត់ជម្រើសជាតិហូឡង់ បានវាយបកនៅជិតបញ្ចប់ការប្រកួតនដើម្បីផ្តួលក្រុមជម្រើសជាតិអៀរឡង់ខាងជើង ក្នុងលទ្ធផល ៣-១។ Lukaku បានធ្វើឲ្យគ្រាប់បាល់សរុបរបស់គេសម្រាប់ក្រុមជម្រើសជាតិបែលហ្ស៊ិក កើនដល់៥០គ្រាប់ ខណៈដែលក្រុមកំពុងនាំមុខក្នុងពូល I របស់លោក Roberto Martinez នាំមុខដល់ទៅ១១ពិន្ទុដាច់លើក្រុមឈរលេខ៣ ស៊ើប ខណៈដែលនៅសល់៣ប្រកួតទៀត។

ក្រុមមានចំណាត់ថ្នាក់លេខ១ក្នុងពិភពលោកមួយនេះ បានកក់កៅអីរបស់ខ្លួនសម្រាប់ព្រឹត្តិការណ៍នៅឆ្នាំក្រោយមួយនេះ ដែលនឹងត្រូវលេងនៅលើទីលានប្រកួតចំនួន១២ ទូទាំងអឺរ៉ុប ក្រោយពីបានកត់ត្រាជ័យជម្នះ៧លើកជាប់ៗគ្នា។ ជាមួយគ្នានេះ ក្រុមបាល់ទាត់ជម្រើសជាតិរុស្ស៊ី នឹងត្រូវឈ្នះកៅអីស្វ័យប្រវត្តិទី២ក្នុងពូលនេះ ក្រោយពីបានយកឈ្នះលើក្រុមជម្រើសជាតិស្កុតឡេន ក្នុងលទ្ធផល ៤-០ ដើម្បីនាំមុខ៨ពិន្ទុលើក្រុមឈរលេខ៣ ស៊ើប។ ក្រុមជម្រើសជាតិបែលហ្ស៊ិក នឹងក្លាយជាក្រុមមានក្តីសង្ឃឹមខ្ពស់ក្នុងការឈ្នះពាន ខណៈដែលពួកគេសម្លឹងរកការឈ្នះពានអន្តរជាតិជាលើកទី១របស់ពួកគេ នៅពេលដែលយុទ្ធនាការ Euro ចាប់ផ្តើមនៅថ្ងៃទី១២ ខែមិថុនា៕