លោក Jurgen Klopp អ្នកចាត់ការទូទៅរបស់ក្រុម Liverpool ជឿជាក់ថា ម្ចាស់ជើងឯកក្របខ័ណ្ឌកំពូលអឺរ៉ុប៧សម័យកាលមួយនេះ មានចំណុចជាច្រើនដែលត្រូវធ្វើការកែសម្រួលឡើងវិញ ក្រោយពីការសង្គ្រោះការភិតភ័យដ៏ធំមួយក្នុងក្របខ័ណ្ឌ Champions League ដើម្បីផ្តួលក្រុម Salzburg ៤-៣ ក្រោយពីបានខ្ជះខ្ជាយគ្រាប់បាល់នាំមុខ៣គ្រាប់។

ខ្សែបម្រើស្លាប Sadio Mane បានរកគ្រាប់បាល់បើកឆាក នៅពេលប្រកួតជាមួយនឹងអតីតក្លិបរបស់ខ្លួន នៅមុនពេលកីឡាករ Andy Robertson និង Salah បានជួយឲ្យក្រុមម្ចាស់ការពារតំណែងជើងឯក Liverpool គ្រប់គ្រងទាំងស្រុងនៅរយៈពេល៣៦នាទីដំបូង នៅមុនពេលក្រុម Salzburg បានវាយបកវិញ។ ខ្សែប្រយុទ្ធវ័យក្មេង Erling Braut Haaland របស់ក្រុមម្ចាស់ជើងឯកអូទ្រីសមួយនេះ ទើបតែបានជាសះស្បើយពីរបួស ដើម្បីលេងក្នុងនាមជាកីឡាករបម្រុង ប៉ុន្តែ ពួកគេនៅតែមានភាពមុតស្រួចក្នុងតំបន់ប្រយុទ្ធ និងបានរកគ្រាប់បាល់បញ្ចូលទីនៅពេលដែលកីឡាករ Hwang Hee-Chan បានរកគ្រាប់បាល់១គ្រាប់វិញនៅជិតបញ្ចប់ការប្រកួត។

បន្ទាប់មក Takumi Minamino និង Haaland ដែលបានចូលលេងត្រឹមតែ៤នាទីបន្ទាប់ពីប្តូរចូលនោះ បានជួយឲ្យក្រុម Salzburg រកបានគ្រាប់បាល់តាមស្មើវិញនៅត្រឹមនាទី ទី៦០។ ទោះបីជាយ៉ាងណា Salah បានសង្គ្រោះក្រុមខ្លួន ខណៈដែលតារាឆ្នើមអន្តរជាតិអេស្ស៊ីបរូបនេះ បានរកគ្រាប់បាល់ឈ្នះនៅរយៈពេល២១នាទីចុងក្រោយ។

លោក Klopp បានឲ្យដឹងថា៖ «យើងបានបើកចំហរទ្វារ ហើយពួកគេបានរត់ចូលឆ្លងកាត់តាមទ្វារនោះ។ វាជារឿងដ៏ល្អក្នុងការរៀននូវមេរៀនផ្សេងៗ ក្នុងការប្រកួតនេះ ជាងការនិយាយបន្ទាប់ពីការប្រកួត»៕

ប្រភពព័ត៌មាន៖ Channel News Asia