ទីបំផុតគ្រូបង្វឹក PSG លោក Thomas Tuchel បានបញ្ជាក់កាលពីថ្ងៃសុក្រថាខ្សែប្រយុទ្ធឆ្នើម Neymar បានត្រៀមខ្លួនរួចរាល់ក្នុងការវិលត្រឡប់មកបង្ហាញខ្លួនអោយ Paris Saint-Germain ក្នុងជំនួបជាមួយ Strasbourg ក្របខណ្ឌ Ligue ១ នាថ្ងៃសៅរ៍ទី១៤កញ្ញា២០១៩នេះ។
អ្នកចាត់ការទូទៅសញ្ជាតិអាឡឺម៉ង់បន្ថែមថាកីឡាករអន្តរជាតិប្រេស៊ីលរូបនេះនឹងចូលលេងក្នុងក្រុមជាលើកដំបូងនៅរដូវកាលនៅក្នុងទឹកដីខ្លួនឯងនាកីឡាដ្ឋាន Parc des Princes ។ Neymar ខកខានមិនបានចូលលេងសម្រាប់ រដូវកាលថ្មីនេះទេបន្ទាប់ពីរងរបួសកជើងពេលលេងអោយ ប្រេស៊ីលកាលពីខែមិថុនាក្នុងជំនួបមិត្តភាពមុនព្រឹត្តិការណ៍ Copa America ឆ្នាំ ២០១៩ខណៈប្រេស៊ីលបានលើកពានជាប្រវត្តិសាស្រ្តក្នុងនាមម្ចាស់ផ្ទះ ។
កីឡាករវ័យ ២៧ ឆ្នាំ Neymar មានទំនាក់ទំនងយ៉ាងខ្លាំងជាមួយនឹងការផ្លាស់ចេញពី PSG ទៅកាន់អតីតក្លឹប Barcelona មុនពេលទីផ្សារដោះដូរកីឡាករបានបិទក្រោយពីចំណាយពីររដូវកាលជាមួយក្រុមមានមូលដ្ឋាននៅរដ្ឋធានីប្រទេសបារាំង ខណៈប្រធានក្លឹប Barcelona លោក Josep Maria Bartomeu បានបញ្ជាក់ជាចុងក្រោយ ថា Neymar បានលះបង់គ្រប់យ៉ាងតាមដែលអាចធ្វើទៅបានដើម្បីចូលរួមជាមួយក្រុមជើងឯកអេស្ប៉ាញប៉ុន្តែក្លឹបមិនអាចឈានដល់ការយល់ព្រមលើកិច្ចព្រមព្រៀងជាមួយ PSG បានទេ។