Zinedine Zidane គ្រូបង្វឹកក្រុម Real Madrid នឹងត្រូវត្រៀមការប្រកួត La Liga នៅសប្តាហ៏ទី៤ ជាមួយក្រុម Levante UD ក្នុងថ្ងៃសៅរ៍ទី ១៤ ខែកញ្ញាខាងមុខនេះ ដោយគ្មានវត្តមានខ្សែបម្រើ-ប្រយុទ្ធស្លាប Gareth Bale ។
ខ្សែប្រយុទ្ធសញ្ជាតិវែលរូបនេះត្រូវបានបណ្តេញចេញពីការប្រកួតអំលុងពេលក្រុមអធិរាជស Real Madrid ប្រកួត ស្មើជាមួយក្រុមម្ចាស់ផ្ទះ Villareal កាលពីថ្ងៃអាទិត្យសប្តាហ៏មុន ហើយក្លឹបត្រូវរងពិន័យជាប្រាក់ ៣៥០ អឺរ៉ូខណៈសាមីខ្លួន ៦០០ យូរ៉ូ ព្រមទាំងបម្រាមចូលលេង មួយប្រកួត។
Real Madrid បានព្យាយាមប្តឹងឧទ្ធរណ៍សម្រាប់ការបណ្តេញចេញនេះ ក្រោមហេតុផល ថាកីឡាកររបស់ពួកគេ បានទៅលេងបាល់តាមរបៀបត្រឹមត្រូវហើយអ្វីដែលជាបញ្ហាគឺ កីឡាករ Villarreal ជាអ្នកធ្វើអោយមានហេតុការណ៏នេះកើតឡើង។ក្រុមសង្ឃឹមថាខ្សែបម្រើសំខាន់ Eden Hazard អាចនិងវិលត្រលប់មកជួយក្រុមបាននាពេលនោះ បន្ទាប់ពីមិនទាន់បានចាប់ផ្តើមប្រកួតនៅឡើយទេ ក្រោយពីរដូវកាលថ្មី La Liga ២០១៩-២០២០ចាប់ផ្តើម។