ខ្សែ​ប្រយុទ្ធ​អន្តរ​ជាតិ​កូឡុំ​ប៊ី Radamel Falcao បាន​ចុះ​ហត្ថលេខា​ជា​មួយ​នឹង​​ក្លិប​ Galatasaray របស់​តួក​គី ពី​ក្លិប Monaco ក្នុង​​កិច្ច​សន្យា​រយៈ​ពេល​៣​​ឆ្នាំ​។ នេះ​បើ​យោង​ទៅ​តាម​ការ​ប្រកាស​​របស់​ក្លិប​នេះ កាលពី​យប់​ថ្ងៃ​ច័ន្ទ​។ ក្លិប Galatasaray បាន​​បញ្ជាក់​ថា ខ្សែ​ប្រយុទ្ធ​រូបនេះ នឹង​ត្រូវ​ទទួល​បាន​ប្រាក់​ចំណូល​៥​លាន​អឺ​រ៉ូ (ស្មើ​នឹង​៥,៥​លាន​ដុល្លារ​អាមេរិក) ក្នុង​១​រដូវ​កាល​។

Falcao បាន​ចាក​ចេញពីក្លិប Atletico Madrid ក្រោយពី​បាន​ចំណាយ​ពេល​អស់​២​រដូវកាល​ក្នុង​ឆ្នាំ​២០១៣ ដើម្បីចូលរួម​ជាមួយ​នឹងក្លិប Monaco សម្រាប់​តម្លៃ​ខ្លួន​ជា​កំណត់​ត្រា​របស់​ក្លិប​ចំនួន​៦០​លាន​អឺ​រ៉ូ​។ ក្រោយពី​បាន​ចំណាយ​ពេល​​២​​រដូវ​​កាល​ក្នុងនាម​ជាកីឡាករ​កម្ចី​នៅ​​ឯ​​ក្លិប Manchester United និង Chelsea រូប​គេ​បាន​វិល​ទៅកាន់​ក្លិប Monaco ក្នុង​ឆ្នាំ​២០១៦ និង​បាន​​ជួយ​ឲ្យ​ពួក​គេ​លើក​ពានក្រប​ខ័ណ្ឌ Ligue 1 ក្នុង​ឆ្នាំ​២០១៧ ដោយ​បាន​ស៊ុត​បាល់ប​ញ្ចូល​ទី​៦៧​គ្រាប់ ក្នុង​ការ​បង្ហាញខ្លួន​១០១​លើក​សម្រាប់​ក្លិប​នេះ​។

នៅ​មុន​ពេល​ការ​ផ្ទេរ​របស់​គេ​ទៅ​កាន់​ក្រុម​ម្ចាស់​ការ​ពារ​តំណែង​ជើង​​ឯក​របស់​តួកគី Galatasaray ក្លិប Monaco បាន​បដិ​សេធ​ក្នុង​ការ​បន្ត​កុង​ត្រា​របស់​ខ្សែ​​ប្រយុទ្ធ​វ័យ​៣៣​ឆ្នាំ​រូបនេះ ដែល​នឹង​ត្រូវ​ផុត​កំណត់​ក្នុង​រយៈ​ពេល​១​ឆ្នាំ​ទៀត​។ អ្នក​គាំទ្រ​ច្រើន​ជាង​២៥០០០​នាក់ បាន​ស្វាគមន៍ Falcao ក្នុង​ទីក្រុង Istanbul កាលពីថ្ងៃ​អាទិត្យ ខណៈ​ដែល​តារាឆ្នើម​រូបនេះ បាន​ធ្វើ​ដំណើរ​ទៅ​ចុះហត្ថលេខា​លើ​​កុង​ត្រា​ថ្មី​ជា​មួយ​នឹងក្រុមរ​បស់​តួកគី​មួយនេះ​៕

ប្រភព​ព័ត៌​មាន៖ Channel News Asia