ខ្សែប្រយុទ្ធអន្តរជាតិកូឡុំប៊ី Radamel Falcao បានចុះហត្ថលេខាជាមួយនឹងក្លិប Galatasaray របស់តួកគី ពីក្លិប Monaco ក្នុងកិច្ចសន្យារយៈពេល៣ឆ្នាំ។ នេះបើយោងទៅតាមការប្រកាសរបស់ក្លិបនេះ កាលពីយប់ថ្ងៃច័ន្ទ។ ក្លិប Galatasaray បានបញ្ជាក់ថា ខ្សែប្រយុទ្ធរូបនេះ នឹងត្រូវទទួលបានប្រាក់ចំណូល៥លានអឺរ៉ូ (ស្មើនឹង៥,៥លានដុល្លារអាមេរិក) ក្នុង១រដូវកាល។
Falcao បានចាកចេញពីក្លិប Atletico Madrid ក្រោយពីបានចំណាយពេលអស់២រដូវកាលក្នុងឆ្នាំ២០១៣ ដើម្បីចូលរួមជាមួយនឹងក្លិប Monaco សម្រាប់តម្លៃខ្លួនជាកំណត់ត្រារបស់ក្លិបចំនួន៦០លានអឺរ៉ូ។ ក្រោយពីបានចំណាយពេល២រដូវកាលក្នុងនាមជាកីឡាករកម្ចីនៅឯក្លិប Manchester United និង Chelsea រូបគេបានវិលទៅកាន់ក្លិប Monaco ក្នុងឆ្នាំ២០១៦ និងបានជួយឲ្យពួកគេលើកពានក្របខ័ណ្ឌ Ligue 1 ក្នុងឆ្នាំ២០១៧ ដោយបានស៊ុតបាល់បញ្ចូលទី៦៧គ្រាប់ ក្នុងការបង្ហាញខ្លួន១០១លើកសម្រាប់ក្លិបនេះ។
នៅមុនពេលការផ្ទេររបស់គេទៅកាន់ក្រុមម្ចាស់ការពារតំណែងជើងឯករបស់តួកគី Galatasaray ក្លិប Monaco បានបដិសេធក្នុងការបន្តកុងត្រារបស់ខ្សែប្រយុទ្ធវ័យ៣៣ឆ្នាំរូបនេះ ដែលនឹងត្រូវផុតកំណត់ក្នុងរយៈពេល១ឆ្នាំទៀត។ អ្នកគាំទ្រច្រើនជាង២៥០០០នាក់ បានស្វាគមន៍ Falcao ក្នុងទីក្រុង Istanbul កាលពីថ្ងៃអាទិត្យ ខណៈដែលតារាឆ្នើមរូបនេះ បានធ្វើដំណើរទៅចុះហត្ថលេខាលើកុងត្រាថ្មីជាមួយនឹងក្រុមរបស់តួកគីមួយនេះ៕
ប្រភពព័ត៌មាន៖ Channel News Asia