អ្នកចាត់ការក្រុមហង្សក្រហមលោក Jurgen Klopp បានធ្វើការអំពាវនាវយ៉ាងទទូចដល់ខ្សែបម្រើ Alex Oxlade-Chamberlain រក្សាភាពអត់ធ្មត់ខណៈដែលខ្សែបម្រើរូបនេះជាសះស្បើយពីបញ្ហា របួសជង្គន់ធ្ងន់ធ្ងរនាពេលកន្លងមក ។ កីឡាករអន្តរជាតិអង់គ្លេសដែលធ្លាប់បង្ហាញខ្លួនអោយជម្រើសជាតិ៣២ដង Oxlade-Chamberlain វ័យ ២៦ ឆ្នាំរូបនេះបានបង្ហាញទម្រង់លេងគួរ ចាប់អារម្មណ៍បន្ទាប់ពីបានចូលរួមជាមួយ Liverpool កាលពី ២ ឆ្នាំ​មុន​ប៉ុន្តែ​បាន​រង​របួសជង្គង់កាលពីខែមេសាឆ្នាំ ២០១៨ ។

អតីតកីឡាករក្រុមកាំភ្លើងធំ Arsenal បានចាប់ផ្តើម ២ ប្រកួត​កន្លង​មក​សម្រាប់​ក្រុមម្ចាស់ជើងឯក Champion League ប៉ុន្តែបានប្តូរចេញនៅតង់ទី ១ ក្នុងការប្រកួត UEFA Super Cup ផ្តួល ​Chelsea និង​បន្ត​បង្ហាញខ្លួនអោយ Liverpool យកឈ្នះក្រុម Southampton និងអាចបង្ហាញខ្លួនលើកទី៣​ក្នុង​ជំនួប​ទទួល​​ក្លឹប​ចាស់ ​Arsenal នៅចុងសប្តាហ៏នេះក្រោយពីពួកគេទាំងពីរ ចាប់ផ្តើមរដូវកាល២ប្រកួតមិនដែល​ចាញ់​ដូចគ្នា​ផង​ដែរ។

អ្នកចាត់ការសញ្ជាតិអាឡឺម៉ង់បានបញ្ជាក់ ថាៈគាត់ត្រូវតែអត់ធ្មត់នៅក្នុងពេលនេះ ហើយអ្វីៗក៏ល្អ ១០០ ភាគរយដែរ ។ អ្នករាល់គ្នាដឹងថាគាត់ល្អប៉ុណ្ណាប៉ុន្តែយើងត្រូវប្រាកដថាគាត់អាចបង្ហាញលទ្ធភាពនៅលើទីលានបានកម្រិតណា នៅពេលនេះ ។ ការសម្រេចចិត្តរបស់ខ្ញុំគឺថាពេលណាគាត់ត្រៀមខ្លួនចូលលេងបានពេញលេញ រួចរាល់ហើយនោះវា​គឺជាការ​ទទួល​ខុស​ត្រូវ​​របស់ខ្ញុំផងដែរ។