ក្រុមបិសាចក្រហម Manchester United ត្រូវបានបង្ខំឲ្យទទួលបានត្រឹមលទ្ធផលស្មើ ១-១ នៅពេលប្រកួតជាមួយនឹងក្រុម Wolves ក្រោយពីការស៊ុតបាល់ប៉េណាល់ទីរបស់កីឡាករ Paul Pogba ត្រូវបានជួយសង្គ្រោះដោយអ្នកចាំទី Rui Patricio នាកីឡាដ្ឋាន Molineux កាលពីថ្ងៃចន្ទ។
ក្រុមរបស់លោក Ole Gunnar Solskjaer បានរកគ្រាប់បាល់នាំមុខមុន តាមរយៈគ្រាប់បាល់ទី២របស់ Anthony Martial ក្នុងការប្រកួតក្របខ័ណ្ឌ Premier League នៅរដូវកាលនេះ ក្នុងតង់ទី១។ កីឡាករ Ruben Neves រកបានគ្រាប់បាល់តាមស្មើវិញ សម្រាប់ក្រុម Wolves ក្នុងតង់ទី២ នៅមុនពេលការស៊ុតបាល់ពីចំណុចពិន័យ១១ម៉ែត្រពីតារាឆ្នើមអន្តរជាតិបារាំង Pogba ត្រូវបានជួយសង្គ្រោះដោយអ្នកចាំទី Patricio។ វាជាការសម្រេចចិត្តដ៏ចម្លែកមួយសម្រាប់ Pogba ក្នុងការស៊ុតបាល់ប៉េណាល់ទី ខណៈដែលខ្សែប្រយុទ្ធ Marcus Rashford បានស៊ុតបាល់ប៉េណាល់ទី១គ្រាប់ ក្នុងពេលក្រុមខ្លួនបានយកឈ្នះលើក្រុម Chelsea ក្នុងលទ្ធផល ៤-០ កាលពីសប្តាហ៍មុន ហើយរូបគេក៏បានស៊ុតបាល់បញ្ចូលទីក្នុងការប្រកួតក្របខ័ណ្ឌ Champions League វគ្គ១៦ក្រុមចុងក្រោយ ពីចំណុចពិន័យ១១ម៉ែត្រ ក្នុងពេលប្រកួតជាមួយនឹងក្រុម Paris Saint Germain កាលពីរដូវកាលមុនផងដែរ។
បច្ចុប្បន្ន Pogba បានស៊ុតបាល់ប៉េណាល់ទីមិនចូលទី៤គ្រាប់មកហើយ ក្នុងក្របខ័ណ្ឌ Premier League បើគិតចាប់តាំងពីដើមរដូវកាលមុន។ Man United នឹងឡើងទៅឈរលើកំពូលតារាង ប្រសិនបើដណ្តើមបានជ័យជម្នះ ប៉ុន្តែ ផ្ទុយទៅវិញ ពួកគេបានជួបការខកចិត្តដោយសារតែការបង្ហាញពីទម្រង់លេងមិនរឹងមាំ ដើម្បីបង្ហាញថា លោក Solskjaer នៅមានការងារជាច្រើនទៀតដែលត្រូវធ្វើដើម្បីរៀបចំក្រុមខ្លួនឲ្យមានសមត្ថភាពក្នុងការប្រជែងពាន៕
ប្រភពព័ត៌មាន៖ Channel News Asia