ខ្សែ​ប្រយុទ្ធ Mario Balotelli បានប​ញ្ជាក់​កាល​ពី​ថ្ងៃ​ច័ន្ទ​ថា រូប​គេ​មិន​បាន​គិត​​ច្រើន​ឡើយ ក្រោយពី​ទទួល​បាន​​សំណើ​មួយ​ពី​ក្លិប Brescia ដែល​ជា​ក្លិប​ស្ថិត​ក្នុង​ទីក្រុង​ដែល​រូប​គេ​បាន​ធំ​​ធាត់​។ ខ្សែ​ប្រយុទ្ធ​អន្តរ​ជាតិ​អ៊ី​តាលី​រូបនេះ​បាន​និយាយ​ក្នុង​សន្និ​សីទ​សារ​ព័ត៌​មានមួយ​ថា៖ «ខ្ញុំ​បាន​ជ្រើស​រើស​យក Brescia ពីព្រោះ​នៅពេល​ដែល​សំណើ​របស់​ពួក​គេ​បាន​មក​ដល់ ខ្ញុំ​មិន​បាន​គិត​ច្រើន​ឡើយ​។ នៅ​ទីនេះ ខ្ញុំ​មាន​​រាល់​អ្វី​ៗ​ទាំង​អស់​ដែល​ខ្ញុំ​ត្រូវ​ការ ពី​ព្រោះ​ជា​​ក្រុម​មក​ពី​ទីក្រុង​របស់​ខ្ញុំ​»​។

Balotelli បាន​កើត​​ក្នុង​ទីក្រុង Palermo ប៉ុន្តែ បាន​ពេញ​វ័យ​ក្នុង​ទីក្រុង Brescia ភាគ​ខាង​ជើង​ប្រទេស​អ៊ី​តាលី ដែល​ជា​កន្លែង​រូប​គេ​​មាន​ផ្ទះ​ជួល​មួយ​កន្លែង​​។ ក្លិប Balotelli បាន​ឈ្នះ​សិទ្ធិ​ទៅ​លេង​ក្នុងក្រប​ខ័ណ្ឌ Serie A នៅ​ឆ្នាំ​នេះ ក្រោយពី​ត្រូវ​បាន​កាត់​ចេញ​ កាលពីឆ្នាំ​២០១១​។

Balotelli ដែល​មិន​ជាប់​កិច្ច​សន្យា​លេង​ឲ្យ​ក្លិប​ណា​មួយ បន្ទាប់​ពី​កិច្ច​សន្យា​រយៈ​ពេល​​ខ្លី​​ជា​មួយ​នឹងក្លិប Marseille បាន​ផុត​កំណត់​កាលពី​រដូវកាល​មុន នោះ​ បាន​បន្ថែម​ទៀត​ថា៖ «ខ្ញុំ​បាន​ចំណាយ​ពេល​ជាច្រើន​ឆ្នាំ​ក្នុង​ការ​រស់​នៅ​បរទេស ជាង​ប្រទេស​​​អ៊ី​តាលី​។ ម្តាយ​របស់​ខ្ញុំ​បាន​យំ នៅពេល​ដែល​គាត់​បាន​ឮថា ខ្ញុំ​នឹង​វិល​ទៅកាន់​ក្លិប Brescia ហើយ​គាត់​ពិត​ជា​រីក​រាយ​ណាស់​»​៕