លោក Frank Lampard បានប​ញ្ជាក់​ថា ក្រុម Chelsea មិន​គួរ​ចាញ់​ក្នុង​លទ្ធផល ៤-០ នៅ​លើ​ទឹកដីក្រុម Manchester United ឡើយ ខណៈ​ដែល​រច​នា​នៃ​​​ការដឹកនាំ​របស់​លោក បាន​ចាប់​ផ្តើម​យ៉ាង​ខក​ចិត្ត​​កាល​ពីថ្ងៃ​អាទិត្យ​។ វា​ជា​លទ្ធ​ផល​​ដ៏​អា​ម៉ាស​មុខ​​មួយ​សម្រាប់​លោក Lampard ​អ្នក​ចាត់​ការ​​ទូទៅ​​ថ្មី​របស់ Chelsea ក្រោយ​ពី​​អតីត​កីឡាករ​ដែល​រក​បាន​គ្រាប់​បាល់​​​ស៊ុត​បញ្ចូល​ទី​ច្រើន​ជាង​គេ​របស់​ក្លិប​រូបនេះ បាន​ចូល​កាន់​តំណែង​ជំនួស​លោក Maurizio Sarri ក្នុង​ពេល​បិទ​រដូវ​កាល​។

លោក Lampard គឺ​ជា​អ្នក​ចាត់​ការទូទៅរបស់ Chelsea ​ដែល​បាន​រង​​បរា​ជ័យ​​ធំ​ជាង​គេ​បំផុត​ ក្នុង​ការ​ប្រកួត​ថ្ងៃ​​ទី​១ បើ​គិត​ចាប់​តាំង​ពី​លោក Danny Blanchflower បាន​ចាញ់​ក្នុងលទ្ធ​ផល ៧-២ នៅ​លើ​ទឹកដីក្រុម Middlesbrough កាលពីឆ្នាំ​១៩៧៨​។ ខ្សែ​ប្រយុទ្ធ Marcus Rashford បាន​ជួយ​ឲ្យ​ក្រុម Man United ​មាន​គ្រាប់​បាល់​នាំ​មុខ​មុន តាម​រយៈ​ការ​ស៊ុត​បាល់​ប៉េ​ណាល់​ទី ក្រោយពី​ក្រុម Chelsea បាន​ស៊ុត​បាល់​ប៉ះ​ទៅនឹង​បង្គោល​ទី​តាម​រយៈ​កីឡាករ Tammy Abraham​។ Emerson ក៏​បាន​​ស៊ុត​បាល់​ប៉ះ​ទៅនឹង​របារ​ទី​ផងដែរ នៅមុន​​ពេល​បញ្ចប់​តង់​ទី​១ ប៉ុន្តែ Rashford, Anthony Martial និង Daniel James សុទ្ធ​សឹង​បាន​ស៊ុត​បាល់បញ្ចូល​ទី​ដូចគ្នា​ក្នុង​តង់​ទី​២ ដើម្បី​ធ្វើ​ឲ្យ​​លោក Lampard រង​នូវ​ការ​ខក​ចិត្ត​ដ៏​ធំ​តែម្តង​។

ទម្រង់​លេង​បែបប្រហែស​របស់​ក្រុម Chelsea ក្នុង​តង់​ទី​២ នឹង​បង្កើត​​ឲ្យ​មាន​សំណួរ​ជាច្រើន​អំពី​អតីត​ខ្សែ​បម្រើ​អន្តរ​ជាតិ​អង់គ្លេស​រូបនេះ ដែល​មាន​បទពិសោធ​ដឹកនាំ​ក្រុម​បាន​​​ត្រឹម​តែ១​រដូវ​កាល​គត់ នៅ​ឯ​ក្លិប Derby របស់​ក្រប​ខ័ណ្ឌ Championship​។ លោក Lampard បាន​ឲ្យ​ដឹង​ថា៖ «ការ​ប្រព្រឹត្ត​កំហុស​៤​លើក បាន​បង្កើត​ឲ្យ​មាន​គ្រាប់​បាល់​បញ្ចូល​ទី​ទាំង​នោះ​។ ហេតុនេះ យើ​ងត្រូវ​តែ​​ធ្វើ​ការ​រិះ​គន់​ខ្លួន​ឯង​»​៕

ប្រភព​ព័ត៌​មាន៖ Channel News Asia