គេហទំព័រ Sky Sports បានចុះផ្សាយថាខ្សែបម្រើ ​Philippe Coutinho បានបដិសេធសំណើរខ្ចីជើងពីក្រុម​មាន់​ខ្នាយមាស​ Tottenham ស្របពេលកីឡាករអន្តរជាតិប្រេស៊ីលវ័យ ២៧ ឆ្នាំរូបនេះ​ក៏មានទំនាក់ទំនង​ក្នុង​ការវិល​ត្រលប់ទៅក្របខណ្ឌ Premier League វិញជាមួយក្រុម Arsenal និង Manchester United ក្នុងលក្ខណ្ឌ​ខ្ជីជើងនេះផងដែរ ។

Barcelona ទាមទារប្រាក់យ៉ាងហោចណាស់២០ លានផោនពីក្រុម Spurs ដើម្បីអនុញ្ញាតឱ្យ Coutinho ចាក​ចេញក្នុងលក្ខខណ្ឌខ្ចីជើង រយៈ ពេលមួយរដូវកាល ខណៈដែលអ្នកចាត់ការទូទៅលោក Mauricio Pochettino បាននិយាយទំនាក់ទំនងតាមទូរស័ព្ទជាមួយ Coutinho អតីតកីឡាករក្រុមហង្សក្រហម Liverpool ពី​លទ្ធភាព​ផ្លាស់ទៅក្រុមនៅភាគខាងជើងទីក្រុងឡុងដ៏មួយនេះ បើទោះបីជាក្រុមបានចំណាយ​ប្រាក់នាំយកខ្សែ​បម្រើ Tanguy Ndombele និង Jack Clarke មករួមក្រុមរួចរាល់ហើយក្តី ។

សម្រាប់ Barcelona វិញក៏នៅមិនទាន់បញ្ចប់ការ ដោះដូរកីឡាករមកពង្រឹងក្រុមដែរ ពោលគឺកំពុងតែតាមតាមដាន ទម្រង់លេងខ្សែបម្រើ Bruno Fernandes របស់ Sporting CP និង Giovani Lo Celso របស់ Real Betis មកជំនួសតំណែងរបស់ខ្លួនប្រសិនជា Coutinho ចាកចេញទៅកាន់ក្លិបថ្មីក្នុងលក្ខណ្ឌខ្ចីជើងខាងលើនេះ។